ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើនឹងផ្តល់ជំនួយដល់កូរ៉េខាងជើង ប្រសិនបើខ្លួនឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍
- BY
- autoadmin
- August 15, 2022
ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក Yoon Suk-yeol ប្ដេជ្ញានឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចដល់ប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរជាអចិន្ត្រៃយ៍។ លោក Yoon បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ ដើម្បីប្រារព្ធខួបលើកទី៧៧ នៃការបញ្ចប់អាណានិគមរបស់ប្រទេសជប៉ុនលើឧបទ្វីបកូរ៉េ ដោយលោក Yoon បាននិយាយថា ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងគឺ «ចាំបាច់សម្រាប់សន្តិភាព ប្រកបដោយនិរន្តរភាព នៅលើឧបទ្វីបកូរ៉េ នៅអាស៊ីឦសាន និងជុំវិញពិភពលោក»។

លោកបាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកែលម្អសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង នៅក្នុងដំណាក់កាល «ប្រសិនបើកូរ៉េខាងជើងបញ្ឈប់ការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយចាប់ផ្តើមដំណើរការពិតប្រាកដ និងច្បាស់លាស់ សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ»។ លោក Yoon បានបន្ថែមថា កម្មវិធីជំនួយនឹងរួមបញ្ចូលការផ្គត់ផ្គង់ស្បៀងអាហារទ្រង់ទ្រាយធំ និងការកែលម្អការផលិតថាមពល និងកន្លែងកំពង់ផែ ហើយលោកក៏បានស្នើផ្តល់ជំនួយក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម និងធ្វើទំនើបកម្មមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រផងដែរ។ យ៉ាងណាក៏ដោយ វាមិនទំនងថាកូរ៉េខាងជើងនឹងទទួលយកសំណើទាំងនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Associated Press
- Share This Post:






