អន្តរជាតិ

សហរដ្ឋ​អាមេរិក​បាន​ចោទ​ចិន​ថា ​មាន​ប្រតិកម្ម​ជ្រុលពេក​ចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​របស់​គណៈប្រតិភូ​សភា​អាមេរិក

BY
autoadmin
August 16, 2022

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចោទ​ចិន​ថា ​មាន​ប្រតិកម្ម​ជ្រុលពេក​ចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅ​កោះ​តៃវ៉ាន់​របស់​គណៈប្រតិភូ​សភា​អាមេរិក បន្ទាប់ពីយោធាចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាវិធានការប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ក្រុមសមាជិកសភាទ្វេភាគី។ ជាក់ស្ដែងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានសង្កត់ធ្ងន់វិញថា៖«ប្រទេសចិនត្រូវតែធ្វើការឆ្លើយតបជាចាំបាច់ និងស្របច្បាប់ ចំពោះរាល់ការញុះញង់ដោយចេតនារបស់សហរដ្ឋអាមេរិក»។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បាននិយាយកាលពីថ្ងៃចន្ទថា៖«ការឆ្លើយតបណាមួយចំពោះដំណើរទស្សនកិច្ចដោយសន្តិវិធីរបស់សមាជិកសភា ការឆ្លើយតបណាមួយដែលរួមបញ្ចូលនូវវោហាសាស្ត្រ ឬសមយុទ្ធយោធា ឬសកម្មភាពបង្ករឿង គឺវាមិនចាំបាច់ទាំងស្រុង ហើយជាប្រតិកម្មហួសហេតុទាំងស្រុង» ដោយលោក Price បាននិយាយថា គណៈប្រតិភូសភាអាមេរិកបានទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាច្រើនទសវត្សរ៍មកហើយ។ លោក​បាន​ចោទ​ក្រុង​ប៉េកាំង​ថា ​បាន​ទាញ​យក​ប្រយោជន៍​ពី​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​នេះ ខណៈ​ដែល​ខ្លួន​ព្យាយាមចង់​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។

ជម្រាបផងដែរថា គណៈប្រតិភូសភាដឹកនាំដោយព្រឹទ្ធសមាជិកលោក Ed Markey បានជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងមន្ត្រីផ្សេងទៀតកាលពីថ្ងៃចន្ទ។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​មិន​ដល់​ ២ សប្តាហ៍​ផង ​បន្ទាប់​ពី​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ ហើយកាលនោះ ចិន​បាន​ឆ្លើយតប​ដោយ​ធ្វើ​សមយុទ្ធ​ផ្លូវអាកាស និង​ដែនសមុទ្រ​ទ្រង់ទ្រាយ​ធំ​ជុំវិញ​កោះ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VOA

Share This Post: