អន្តរជាតិ

ប្រទេសចិនបាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​តៃវ៉ាន់ចំនួន ៧នាក់ ​ពី​បទ​គាំទ្រ​ឯករាជ្យភាពកោះ​តៃវ៉ាន់

BY
autoadmin
August 16, 2022

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសចិនបានដាក់ទណ្ឌកម្មមន្ត្រីតៃវ៉ាន់ចំនួន ៧នាក់ សម្រាប់ការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ការ​ដាក់​ទណ្ឌកម្ម​នេះ​កើត​ឡើង​ បន្ទាប់​ពី​ប្រធាន​សភា​សហរដ្ឋ​អាមេរិកលោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​កាល​ពី​ដើម​ខែ​នេះ។ ប្រទេសចិនបានយល់ថា ដំណើរទស្សនកិច្ច​មួយនោះ គឺជាការជ្រៀតជ្រែកផ្ទៃក្នុងរបស់ខ្លួន ខណៈតៃវ៉ាន់នៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ចិន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានដាក់ទណ្ឌកម្មដោយការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន មានលោកស្រី Hsiao Bi-khim ឯកអគ្គរដ្ឋទូតតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៊ីនតោន និងលោក Wellington Koo អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ អ្នក​នយោបាយមួយចំនួន ដែល​មក​ពី​គណបក្ស​​​កាន់​អំណាច​របស់​តៃវ៉ាន់ គឺ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ផងដែរ។

អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​បាន​និយាយ​ថា អ្នក​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​នឹង​មិន​អាច​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ហុងកុង និង​ម៉ាកាវ​បាន​ទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកប្រាក់ចំណេញនៅក្នុងប្រទេសចិនដែរ។ អ្នកទាំង ៧រូប គឺបន្ថែមលើនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងប្រធានសភា You Si-kun ដែលត្រូវបានដាក់ទណ្ឌកម្មនៅមុននេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: