សិង្ហបុរី៖ «ប្រទេសម៉ាឡេស៊ីហាក់ដូចជាកំពុងប្រើលេសបច្ចេកទេស ដើម្បីផ្លាស់ប្តូរការរៀបចំដែនអាកាសទ្វេភាគី»
រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់សិង្ហបុរីលោក Khaw Boon Wan បាននិយាយកាលពីថ្ងៃពុធថា ម៉ាឡេស៊ីហាក់ដូចជាកំពុងប្រើ «លេសបច្ចេកទេស» ដើម្បីទាមទារការផ្លាស់ប្តូរការគ្រប់គ្រងដែនអាកាសរបស់ខ្លួន ខណៈដែលវាគឺជារឿងមួយមិនប្រក្រតីព្រោះថាបញ្ហាបច្ចេកទេសគួរតែដោះស្រាយតាមលក្ខណៈបច្ចេកទេស។ ការលើកឡើងនេះគឺឆ្លើយតបទៅនឹងការបង្ហោះលើបណ្តាញហ្វេសប៊ុករបស់រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនម៉ាឡេស៊ីលោក Anthony Loke កាលពីល្ងាចថ្ងៃអង្គារ ដោយសាច់រឿងទាំងស្រុងគឺមាននៅក្នុងវិដេអូខាងក្រោមនេះ។
គួរឱ្យដឹងផងដែរថា ប្រទេសសិង្ហបុរីបានគ្រប់គ្រងដែនអាកាសនៅលើភាគខាងត្បូងចូហរ ចាប់តាំងពីឆ្នាំ១៩៧៤ នៅពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីដើម្បីអនុវត្តការរៀបចំនេះ។ ច្បាប់នេះត្រូវបានអនុម័តដោយអង្គការអាកាសចរស៊ីវិលអន្តរជាតិ បន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត។ កន្លងមកកិច្ចព្រមព្រៀងទ្វេភាគីបានឱ្យដឹងថា ការផ្តល់សេវាចរាចរណ៍ផ្លូវអាកាសនៅលើភាគខាងត្បូងចូហរត្រូវបានគេប្រគល់ឱ្យទៅប្រទេសសិង្ហបុរី។
យ៉ាងណាមិញលោក Anthony Loke បាននិយាយកាលពីដើមខែនេះថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងចាប់ផ្តើមដំណាក់កាលទី១ នៃការដកយកដែនអាកាសរបស់ខ្លួននៅចុងឆ្នាំក្រោយនេះ ហើយដំណាក់កាលបន្ទាប់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៣។ ចំណែកលោក Khaw Boon Wan វិញបានចង្អុលថា ក្រសួងដឹកជញ្ជូននៅក្នុងប្រទេសទាំងពីរបានធ្វើការយ៉ាងល្អជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយលើបញ្ហាទ្វេភាគី និងលើវេទិកាអន្តរជាតិនេះ តែស្រាប់តែមានបញ្ហាចម្រូងចម្រាសកើតមានបន្តបន្ទាប់ក្រោយមានជម្លោះដែនសមុទ្រដោយពេលនោះនាវារបស់ម៉ាឡេស៊ីបានឈ្លានពានចូលទៅទឹកដីសិង្ហបុរីកាលពីថ្ងៃទី ២៥តុលាកន្លងមក៕

អត្ថបទ៖ លីដា
ប្រភព៖ todayonline