អន្តរជាតិ

លោក Elon Musk បាននិយាយថា លោកកំពុងទិញយកក្រុមបិសាចក្រហម Manchester United

BY
autoadmin
August 17, 2022

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា (ម៉ោងនៅអាមេរិក) បាននិយាយថា លោកកំពុងទិញយកក្រុមហ៊ុន Manchester United Plc ដែលជាក្រុមហ៊ុនមេរបស់ក្រុមបិសាចក្រហម Manchester United។ លោក Musk ដែលជាមហាសេដ្ឋីម្នាក់នៅលើពិភពលោក បាននិយាយនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ថា៖«ខ្ញុំកំពុងទិញយក Manchester United, អរគុណ»។ រំលឹកដែរថា Manchester United គឺ​ជា​ក្រុមបាល់ទាត់​ដែលមានអ្នកគាំទ្រច្រើនបំផុតមួយ ហើយពួក​គេគឺជា​ម្ចាស់​ជើង​ឯកអង់គ្លេស​ចំនួន​ ២០​ដង និង​បាន​ឈ្នះ​ពាន​រង្វាន់ European Cup ដែល​ជា​ការ​ប្រកួត​ប្រជែង​ក្លិប​ដ៏​មាន​កិត្យានុភាព​បំផុត ​ក្នុង​ការ​ប្រកួត​សាកលចំនួន​ ៣ដង។

ក្រុមនេះត្រូវបានគ្រប់គ្រងដោយគ្រួសារ Glazer ជនជាតិអាមេរិក ហើយពួកគេមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ក្រុមបាល់ទាត់មួយនេះមានមូលធនប័ត្រទីផ្សារចំនួន ២.០៨ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃបិទទីផ្សារភាគហ៊ុនកាលពីថ្ងៃអង្គារ។ អ្នកគាំទ្រក្រុម Manchester United ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានតវ៉ាប្រឆាំងនឹងគ្រួសារត្រកូល Glazer ដែលបានទិញក្លឹបក្នុងតម្លៃ ៩៥៥.៥ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០៥ ផងដែរ ដោយសារតែស្ថានភាពរបស់ក្រុមនៅលើទីលានប្រកួត។ ចលនាប្រឆាំងត្រកូល Glazer ទទួលបានសន្ទុះកាន់តែខ្លាំងកាលពីឆ្នាំមុន បន្ទាប់ពីក្រុមបិសាចក្រហម Manchester United បានប៉ុនប៉ងក្នុងការបង្កើតការប្រកួត European Super League តែមិនបានសម្រេច។ អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យលោក Musk ទិញយកក្លឹប Manchester United ជំនួសឱ្យការទិញ Twitter ខណៈលោក Musk ក៏កំពុងព្យាយាមរត់ចេញពីកិច្ចព្រមព្រៀងតម្លៃ ៤៤ ពាន់លានដុល្លារ ជាមួយនឹង Twitter ដូចគ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: