អន្តរជាតិ

យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបង្ហោះមីស៊ីលឆ្លងទ្វីបចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រលឿង

BY
autoadmin
August 17, 2022

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រលឿង នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ ប្រភព​យោធា​និយាយ​ថា មីស៊ីល​នេះ​ហាក់​ដូច​ជា​ត្រូវ​បាន​បាញ់​ចេញ​ពីតំបន់ Onchon ក្នុង​ខេត្ត Phyongan ខាង​ត្បូង នៅ​ព្រឹក​ថ្ងៃ​ពុធនេះ។ ពួកគេ​និយាយ​ថា ពួកគេ​កំពុង​ធ្វើ​ការ​ជាមួយ​កង​កម្លាំង​អាមេរិក​ ដើម្បី​វិភាគ​ចម្ងាយ​ហោះ​ហើរ និង​រយៈកម្ពស់​របស់​មីស៊ីល។ ការ​បាញ់​សាកល្បង​នេះ​ គឺ​ជា​ការ​សាកល្បង​ថ្មីចុង​ក្រោយ​បំផុត​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ​នេះ។

ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ ចេញពីខាងក្រៅរដ្ឋធានីព្យុងយ៉ាង និងកន្លែងផ្សេងទៀតកាលពីខែមិថុនា។ វាក៏ត្រូវបានគេរាយការណ៍ថា បានបាញ់រ៉ុក្កែតឆ្ពោះទៅសមុទ្រលឿងនៅថ្ងៃទី១០ និង ១១ ខែកក្កដាផងដែរ។

ចំណែកប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol កាលពីថ្ងៃចន្ទ បានស្នើនឹងផ្តល់ជំនួយទ្រង់ទ្រាយធំដល់កូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាង ព្រមឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង។ យោធាកូរ៉េខាងត្បូង ក៏គ្រោងនឹងចាប់ផ្តើមសមយុទ្ធរួមគ្នាជាទៀងទាត់ជាមួយកងកម្លាំងអាមេរិកនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយពួកគេមានគម្រោងនឹងបន្តធ្វើសមយុទ្ធទ្រង់ទ្រាយធំឡើងវិញជាលើកដំបូង ក្នុងរយៈពេល ៤ឆ្នាំ ដែលទំនងជានឹងទាញប្រតិកម្មពីកូរ៉េខាងជើង៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: