មេដឹកនាំយោធាមីយ៉ាន់ម៉ា បានជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ជាលើកដំបូងបំផុតចាប់តាំងពីខែកុម្ភៈឆ្នាំមុន
- BY
- autoadmin
- August 18, 2022
ប្រមុខយោធាមីយ៉ាន់ម៉ា បានជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិជាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន។ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានជួបជាមួយប្រមុខយោធាលោក Min Aung Hlaing នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃពុធនេះ។ អង្គការសហប្រជាជាតិបាននិយាយថា លោកស្រី Heyzer បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ ការគោរពពេញលេញចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ និងការដោះលែងអ្នកជាប់ឃុំទាំងអស់។ យ៉ាងណាក៏ដោយ សំណើរបស់លោកស្រី សម្រាប់ជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេបដិសេធ។

អង្គការសហប្រជាជាតិបាននឹងកំពុងព្យាយាមរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយបេសកជនពិសេសចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន ក្នុងការប៉ុនប៉ងដើម្បីបំបែកភាពជាប់គាំងតាមរយៈការសន្ទនា។ ភាគីទាំង ២ បានឯកភាពបន្តការសន្ទនាដោយបើកចំហ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា កិច្ចប្រជុំរបស់បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា អាចត្រូវបានចាត់ទុកថា ជាការទទួលស្គាល់រដ្ឋាភិបាលយោធាមួយនេះ។ យ៉ាងណា លោកស្រី Heyzer បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដំណើរទស្សនកិច្ចរបស់លោកស្រី គឺដើម្បីបង្ហាញពីកង្វល់របស់អង្គការសហប្រជាជាតិ ហើយថា «ការចូលរួមរបស់អង្គការសហប្រជាជាតិមិនផ្តល់ភាពស្របច្បាប់ណាមួយឡើយ»៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






