អង្គការសុខភាពពិភពលោកកំពុងសិក្សាមើលថា តើការផ្លាស់ប្តូរហ្សែនរបស់ជំងឺអុតស្វា នៅពីក្រោយការរីករាលដាលនាពេលបច្ចុប្បន្ន ឬយ៉ាងណា
- BY
- autoadmin
- August 18, 2022
អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនកំពុងធ្វើការសិក្សាដើម្បីមើលថា តើការផ្លាស់ប្តូរហ្សែននៅក្នុងវីរុសជំងឺអុតស្វា monkeypox បានជំរុញឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺនេះ ឬយ៉ាងណា។ ជម្រាបផងដែរថា ជំងឺអុតស្វាមានអំបូរដាច់ដោយឡែកចំនួន ២ ដែលត្រូវបានគេហៅថា តំបន់អាងទឹកកុងហ្គោ (អាហ្រ្វិកកណ្តាល) និង អាហ្រ្វិកខាងលិច ពោលគឺគេហៅអំបូរទាំង ២ ទៅតាមឈ្មោះតំបន់តែមានការផ្ទុះឡើងទាំងនោះ។ យ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រកន្លងទៅនេះ WHO បានប្តូរឈ្មោះពួកវាទៅជា Clade I និង Clade II ដើម្បីបញ្ចៀសការមាក់ងាយភូមិសាស្ត្រ។

អង្គការសុខភាពពិភពលោកបាននិយាយថា Clade II មានអនុទម្រង់ចំនួន ២ គឺ IIa និង IIb ហើយពួកវា គឺជាអ្នកនៅពីក្រោយនៃការផ្ទុះឡើងជាសកលនាពេលបច្ចុប្បន្ននេះ។ ខ្លួនបានបញ្ជាក់ថា IIa និង IIb មានទំនាក់ទំនងគ្នា និងស្រដៀងគ្នានឹងការផ្ទុះឡើងនាពេលបច្ចុប្បន្ន ដូច្នេះ IIb មិនមែនបែកចេញពី IIa នោះទេ។ Clade IIb មាននៅក្នុងសំណាក ដែលប្រមូលបាននៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងចាប់ពីឆ្នាំ២០១៧ ខណៈមេរោគនាពេលបច្ចុប្បន្នក៏មិនខុសគ្នាប៉ុន្មានពីទម្រង់ដើមឡើយ។
យ៉ាងណាក៏ដោយ WHO បាននិយាយថា ការសិក្សាបន្ថែមគឺចាំបាច់ណាស់ ហើយថា វាលឿនពេកក្នុងការបញ្ជាក់ថា តើការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ គឺដោយសារតែការផ្លាស់ប្ដូរហ្សែនរបស់មេរោគ ឬទេ។ គួរឱ្យដឹងដែរថា WHO បានប្រកាសជំងឺអុតស្វាជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិកាលពីខែមុន ហើយករណីច្រើនជាង ៣៥,០០០ ករណី ត្រូវបានរកឃើញពីប្រទេសចំនួន ៩២ ខណៈមានអ្នកស្លាប់ចំនួន ១២ នាក់ ហើយករណីថ្មីៗស្ទើរតែទាំងអស់កំពុងត្រូវបានរាយការណ៍ពីអឺរ៉ុប និងអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






