លោកស្រី គីម យ៉ូចុង បានបដិសេធសំណើជំនួយរបស់កូរ៉េខាងត្បូង ដោយបានហៅវាថាជា «សំណើធម្មតាៗ»
- BY
- autoadmin
- August 19, 2022
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលសំណើរបស់ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយុល សម្រាប់ជំនួយសេដ្ឋកិច្ច ដើម្បីជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ គួររំលឹកផងដែរថា លោក យូន បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទថា លោកត្រៀមខ្លួនជាស្រេចដើម្បីជួយកែលម្អសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងជាដំណាក់កាល ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមដំណើរការដ៏សំខាន់មួយ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្ដែលោកស្រី គីម យ៉ូចុង បានហៅផែនការរបស់លោក យូន ថាមិនទំនងទាល់តែសោះ ព្រោះវាមិនអាចអនុវត្តទៅបាន។ លោកស្រីក៏បានហៅលោក យូន ថាគ្មានភាពអៀនខ្មាសផងដែរ ចំពោះការរៀបចំផែនការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក។

ពោលគឺនៅថ្ងៃបន្ទាប់ពីលោក យូន ស៊ុកយុល បានដាក់សំណើផ្ដល់ជំនួយសេដ្ឋកិច្ចដល់កូរ៉េខាងជើង យោធាកូរ៉េខាងត្បូងបានប្រកាសភ្លាមថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធរួមគ្នាជាទៀងទាត់ជាមួយកងកម្លាំងអាមេរិក នៅថ្ងៃទី២២ ខែសីហា ជាការសន្មតថា មានគ្រាអាសន្ននៅលើឧបទ្វីបកូរ៉េ។ លោកស្រីបានបន្ថែមថា ទីក្រុងព្យុងយ៉ាងមិនចូលចិត្តលោក យូន ទាល់តែសោះ ហើយបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងបញ្ជាក់យ៉ាងច្បាស់ហើយថា ពួកគេនឹងមិនអង្គុយនិយាយទល់មុខជាមួយគាត់នោះទេ។ ជាមួយគ្នានេះដែរ លោកស្រីបានកំណត់ការបាញ់មីស៊ីលចេញពីនាវា កាលពីថ្ងៃពុធដោយទីក្រុងព្យុងយ៉ាងថា ជាការសាកល្បងអាវុធរបស់កូរ៉េខាងជើង ហើយលោកស្រីក៏បានជួយកែតម្រូវការរាយការណ៍របស់យោធាកូរ៉េខាងត្បូងដែរថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺបានចេញពីតំបន់ Anju ខេត្ត Phyongan ខាងត្បូង៕

អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






