អន្តរជាតិ

ប្រទេសថៃនឹងលុបចោលក្រឹត្យគ្រាអាសន្ន និងរំលាយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ចាប់ពីដើមខែតុលាតទៅ

BY
autoadmin
August 20, 2022

នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ បានអនុម័តលើការលុបចោលក្រឹត្យគ្រាអាសន្ន និងការរំលាយមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។ លោកវេជ្ជបណ្ឌិត Udom Kachintorn (ក្នុងរូបភាព) ដែលជាទីប្រឹក្សា CCSA បាននិយាយថា វិធានការនេះគឺស្របតាមការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការទម្លាក់ចំណាត់ថ្នាក់ជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជា «ជំងឺឆ្លងក្រោមការឃ្លាំមើល»។

លោកបានមានប្រសាសន៍ថា បន្ទាប់ពីថ្ងៃទី០១ ខែតុលា ច្បាប់ស្តីពីជំងឺឆ្លងឆ្នាំ២០១៥ (2015 Communicable Disease Act) នឹងក្លាយជាច្បាប់គ្រប់គ្រងជំងឺឆ្លង ដើម្បីដោះស្រាយការផ្ទុះឡើងនៃ COVID-19 ជំនួសឱ្យក្រឹត្យគ្រាអាសន្នស្តីពីការគ្រប់គ្រងសាធារណៈក្នុងស្ថានភាពអាសន្ន ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ តរៀងមក។ លោក Udom បានបន្ថែមថា បច្ចុប្បន្ននេះប្រទេសថៃមានអ្នកជំងឺ COVID-19 ប្រមាណ ៧០,០០០នាក់ ដែលបានបញ្ជាក់ទាំងនៅក្នុងមន្ទីរពេទ្យ ឬនៅដាច់ដោយឡែក ហើយពួកគេភាគច្រើនមានរោគសញ្ញាតិចតួច ឬគ្មានសោះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: