អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩

BY
autoadmin
August 22, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 ដែលបង្ខំឱ្យគាត់ត្រូវលុបចោលដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសទុយនេស៊ី ដើម្បីចូលរួមសន្និសីទដ៏សំខាន់មួយស្តីពីការអភិវឌ្ឍន៍តំបន់អាហ្វ្រិក។ ប្រភពជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រីបាននិយាយថា លោក Kishida ដែលទើបតែត្រឡប់មកពីវិស្សមកាលរយៈពេលមួយសប្តាហ៍រូបនេះ នឹងត្រូវធ្វើការពីផ្ទះរបស់គាត់ចាប់ពីថ្ងៃច័ន្ទ ហើយនឹងចូលរួមសន្និសីទអន្តរជាតិទីក្រុងតូក្យូស្តីពីការអភិវឌ្ឍន៍អាហ្វ្រិក (TICAD) តាមអ៉ីនធឺណិត។

អ្នកនាំពាក្យការិយាល័យខុទ្ទកាល័យបាននិយាយថា លោកនាយករដ្ឋមន្ត្រីបានចេញរោគសញ្ញាក្អក និងក្តៅខ្លួន កាលពីថ្ងៃសៅរ៍ ហើយបានធ្វើតេស្ត PCR នៅព្រឹកថ្ងៃអាទិត្យ លុះដល់ពេលរសៀលទើបដឹងថា លទ្ធផលវិជ្ជមាន។ ជម្រាបដែរថា សន្និសីទអន្តរជាតិ TICAD លើកទី៨ និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ត្រូវបានប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយអង្គការសហប្រជាជាតិ ធនាគារពិភពលោក និងគណៈកម្មការសហភាពអាហ្វ្រិក។ ក្នុងចំណោមការពិភាក្សាទាំងអស់ ពួកគេនឹងនិយាយអំពីវិធានការជំរុញការអភិវឌ្ឍន៍ ការប្រមូលផ្តុំនឹងពិនិត្យមើលមធ្យោបាយ ដើម្បីជួយទ្វីបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: