នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio នឹងបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ហើយដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី
- BY
- autoadmin
- August 23, 2022
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានបញ្ជាឱ្យរដ្ឋាភិបាលប្រទេសជប៉ុន បន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូនៃប្រទេស G7 ផ្សេងទៀត។ លោក Kishida បានផ្តល់ការណែនាំបែបនេះ នៅក្នុងកិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនៅថ្ងៃអង្គារ ខណៈលោកត្រូវធ្វើការតាមប្រព័ន្ធអ៉ីនធឺណិត ដោយសារលោកបានវិជ្ជមានជាមួយជំងឺ COVID-19។ ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu, រដ្ឋមន្ត្រីការបរទេសលោក Hayashi Yoshimasa, រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Suzuki Shunichi និងរដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មលោក Nishimura Yasutoshi សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលបានចូលរួម។

លោក Kishida បានណែនាំរដ្ឋមន្ត្រីឱ្យធានាសុវត្ថិភាពរបស់ជនជាតិជប៉ុន ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន។ លោកក៏បានប្រាប់ពួកគេឱ្យប្រាកដថា ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសជប៉ុននឹងមានស្ថិរភាព និងដើម្បីកសាងជំហរការពារ ដែលមានសមត្ថភាព អាចគ្រប់គ្រងទិដ្ឋភាពសន្តិសុខពិភពលោក។ បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Suzuki បានប្រាប់អ្នកសារព័ត៌មានថា ប្រទេស G7 បានសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងយ៉ាងជិតស្និទ្ធ និងបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដែលបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ប៉ុន្តែមិនអាចគ្រប់គ្រាន់ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






