លោក Volodymyr Zelenskyy ប្ដេជ្ញានឹងរំដោះយកឧបទ្វីបគ្រីមៀ និងដាក់បង្ហូតទង់ជាតិអ៊ុយក្រែននៅតំបន់ដែលរឹបអូសដោយរុស្ស៊ី
- BY
- autoadmin
- August 24, 2022
ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារថ្មីៗ បន្ទាប់ពីប្រធានាធិបតីលោក Volodymyr Zelenskyy បានព្រមានថា កងកម្លាំងរុស្ស៊ីអាចនឹងដាក់គោលដៅវាយប្រហារថ្មីៗ នៅចំថ្ងៃទិវាឯករាជ្យជាតិរបស់អ៊ុយក្រែន។ នៅក្នុងពិធីមួយដែលប្រារព្ធឡើងនាពេលថ្មីៗនេះ លោក Zelenskyy បានប្តេជ្ញាថា នឹងដាក់បង្ហូតទង់ជាតិអ៊ុយក្រែន នៅតំបន់ដែលរឹបអូសដោយរុស្ស៊ី ហើយលោកបាននិយាយថា៖«ទង់ជាតិពណ៌ខៀវ និងពណ៌លឿង នឹងអាចគ្រវីម្តងទៀតនៅផ្ទះយើង កន្លែងដែលវាមានសិទ្ធិនៅ និងភូមិដែលត្រូវបានគេកាន់កាប់បណ្តោះអាសន្នទាំងអស់របស់អ៊ុយក្រែន»។

លោក Zelenskyy ក៏បានប្ដេជ្ញាថា នឹងរំដោះយកទឹកដីដែលរុស្ស៊ីដាក់បញ្ចូលកាលពី ៨ឆ្នាំមុន នោះគឺឧបទ្វីបគ្រីមៀ ខណៈការប្រជុំថ្នាក់អន្ដរជាតិមួយស្ដីពីតំបន់គ្រីមៀ អ៊ុយក្រែនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួម។ ក្នុងជំនួបនោះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រទេសរបស់លោកគាំទ្រយ៉ាងពេញទំហឹងចំពោះអ៊ុយក្រែន ដរាបណាប្រទេសនេះត្រូវការការគាំទ្រពីអាល្លឺម៉ង់។
ចំណែកនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ក៏បានលើកឡើងពីការព្រួយបារម្ភរបស់គាត់ អំពីការគំរាមកំហែងរបស់រុស្ស៊ីក្នុងការប្រើអាវុធនុយក្លេអ៊ែរ ដោយសារថា ការលុកលុយរបស់រុស្ស៊ីបានអង្រួនគ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោក។ លោក Kishida បាននិយាយថា៖«ប្រទេសជប៉ុនបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន រួមទាំងនៅគ្រីមៀ និងប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន»៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian
- Share This Post:






