អន្តរជាតិ

ថៃបានព្រមានថា អ្នកបើកបរដែលធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង អាចត្រូវប្រឈមនឹងការផាកពិន័យ ឬជាប់ពន្ធនាគារពី ២ ទៅ ៥ឆ្នាំ

BY
autoadmin
August 24, 2022

នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ បានព្រមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកបើកបរអាចប្រឈមនឹងការផាកពិន័យ និងការជាប់ពន្ធនាគារ ប្រសិនបើពួកគេបើកបរ ហើយធ្វើឱ្យសាចទឹកកខ្វក់លើអ្នកថ្មើរជើង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការព្រមាននេះកំពុងធ្វើឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ខណៈដែលឥឡូវនេះជាអំឡុងពេលរដូវវស្សា ហើយពលរដ្ឋមួយចំនួនក៏បានរិះគន់ទៅរដ្ឋាភិបាលវិញថា គួរតែចំណាយពេលលើការជួសជុលផ្លូវវិញ។ យ៉ាងណាក៏ដោយ ពលរដ្ឋមួយផ្នែកទៀតក៏មានការសប្បាយចិត្តផងដែរ នៅពេលដែលពួកគេមានសិទ្ធិក្នុងនាមជាអ្នកថ្មើរជើង។

តាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលលើកឡើងនៅក្នុងការបង្ហោះនោះបានឱ្យដឹងថា ការធ្វើឱ្យសាចទឹកលើអ្នកថ្មើរជើង គឺជាការបំពានលើច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៤៣ ដែលចែងថា៖«ការបើកបរដោយមិនបានដឹងពីសុវត្ថិភាព ឬបញ្ហាអ្នកដទៃ។ អ្នកបើកបរល្មើសច្បាប់អាចប្រឈមនឹងការផាកពិន័យពី ២,០០០ ទៅ ១០,០០០ បាត ឬជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬទាំងពីរ»។ ប្រសិនបើ​ការសាចទឹកបណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ អ្នកបើកបរ​នឹងត្រូវ​ចាត់ទុកថា ​បាន​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា ៣៥៨ នៃ​ច្បាប់​ព្រហ្មទណ្ឌដែលចែងថា៖«ជនណា​ធ្វើឱ្យ​ខូចខាត បំផ្លិចបំផ្លាញ ឬ​ធ្វើឱ្យ​ខូច​ខាត​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រហូត​ដល់​ ៥​ឆ្នាំ ឬពិន័យរហូតដល់ ១០,០០០ បាត ឬទាំងពីរ»។ (១០,០០០ បាត = ២៧៧ ដុល្លារ)

នាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលថៃ គាំទ្រឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស ដោយមានភ្ជាប់រូបភាព ឬវីដេអូ និងលេខចុះបញ្ជីរបស់យានយន្តដែលបំពាន៕

អត្ថបទ៖ លីដា
ប្រភព៖ The Thaiger

Share This Post: