អ៊ុយក្រែនរងការវាយប្រហារដោយមីស៊ីលរុស្ស៊ី នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់ខ្លួន ដែលបណ្ដាលឱ្យពលរដ្ឋចំនួន ២២ នាក់បាត់បង់ជីវិត
- BY
- autoadmin
- August 25, 2022
កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីលោក Volodymyr Zelenskyy បានព្រមានម្ដងហើយម្ដងទៀតថា កងកម្លាំងរុស្ស៊ីអាចធ្វើអ្វីមួយដែល «អាក្រក់ជាពិសេស» នៅថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន ហើយរុស្ស៊ីពិតជាបានធ្វើវាដូចការរំពឹងទុកមែន។ ជាក់ស្ដែងកាលពីថ្ងៃពុធ រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលទៅលើស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Dnipropetrovsk ភាគខាងកើតអ៊ុយក្រែន ដែលបណ្ដាលឱ្យមនុស្សចំនួន ២២ នាក់ស្លាប់។ មុននេះ អាជ្ញាធរអ៊ុយក្រែនក៏បានព្យាយាមណែនាំពលរដ្ឋមិនឱ្យមានសកម្មភាពអ្វីច្រើនដែរ នៅថ្ងៃបុណ្យឯករាជ្យរបស់ពួកគេ ដោយសារខ្លួនបានរំពឹងរួចហើយថា អាចនឹងមានការវាយប្រហារពីសំណាក់រុស្ស៊ី។

លោក Zelenskyy បាននិយាយថា៖«យើងបានស៊ូទ្រាំអស់រយៈពេល ៦ ខែ។ វាជាការលំបាកសម្រាប់ពួកយើង។ ប៉ុន្តែយើងបានសង្កត់ចិត្តរបស់យើង តស៊ូដើម្បីជោគវាសនារបស់យើង។ រាល់ថ្ងៃថ្មីនីមួយៗ គឺជាហេតុផលថ្មីមួយ ដែលយើងមិនត្រូវបោះបង់វាចោលនោះលើយ»។ លោកបាននិយាយថា នេះជាការរំឭកពីគ្រោះថ្នាក់ដែលជនស៊ីវិលអ៊ុយក្រែន ត្រូវប្រឈមមុខនៅទូទាំងប្រទេស។
ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែនបានដកស្រង់សម្តីលោក Zelenskyy ដែលបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមរយៈវីដេអូថា ការវាយប្រហារដ៍សាហាវនេះបានកើតឡើងនៅទីក្រុង Chaplyne ដែលជាទីក្រុងមួយ ដែលមានមនុស្សប្រហែល ៣,៥០០ នាក់រស់នៅ នៅឯតំបន់ Dnipropetrovsk កណ្តាល។ ការិយាល័យប្រធានាធិបតីក៏បានរាយការណ៍ផងដែរថា មុននេះ ក៏មានកុមារអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយគ្រាប់មីស៊ីលផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






