វៀតណាមស្នើឱ្យអង្គការឧតុនិយមពិភពលោក លុបចេញនូវខ្សែបន្ទាត់អណ្តាតគោ ដែលចិនគូសដោយឯកតោភាគី
- BY
- autoadmin
- August 26, 2022
វៀតណាមបានស្នើឱ្យអង្គការឧតុនិយមពិភពលោក (WMO) គោរពអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត ដោយដកចេញនូវ «ខ្សែបន្ទាត់ប្រាំបួនចំណុច» ឬហៅថា ខ្សែបន្ទាត់អណ្តាតគោ ដែលប្រទេសចិនបានគូសវាដោយឯកតោភាគី។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖«វៀតណាមបានច្រានចោលម្តងហើយម្តងទៀត នូវអ្វីដែលហៅថាខ្សែបន្ទាត់ប្រាំបួនចំណុច ក៏ដូចជាសេចក្តីថ្លែងការណ៍ដែនសមុទ្រផ្សេងទៀត ដែលផ្ទុយនឹងច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (១៩៨២)»។

លោកស្រីបាននិយាយថា ប្រទេស និងអង្គការនានាត្រូវតែ «ដកចេញ និងកែសម្រួលខ្លឹមសារមិនសមស្រប» ដែលរំលោភលើអធិបតេយ្យភាពរបស់វៀតណាម។ គ្រប់ទម្រង់នៃការឃោសនា និងការចែកចាយខ្លឹមសារ និងរូបភាព ដែលបំពានអធិបតេយ្យភាពរបស់វៀតណាម នៅប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាយុត្តាធិការរបស់វៀតណាមលើដែនទឹកដែលពាក់ព័ន្ធគឺ «មិនត្រឹមត្រូវ»។
លោកស្រី Hang បានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីអង្គការឧតុនិយមពិភពលោកបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃអង្គារ អំពីផែនទីរលកកម្ដៅក្នុងប្រទេសចិនដែលរួមមាន «ខ្សែបន្ទាត់ប្រាំបួនចំណុច» មួយនោះ។ ខ្សែបន្ទាត់នោះត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីទាមទារដោយខុសច្បាប់នូវតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង ដែលត្រូវបានគេស្គាល់នៅក្នុងវៀតណាមថា ជាសមុទ្រខាងកើត។ លោកស្រីបាននិយាយថា តំណាងបេសកកម្មរបស់វៀតណាមនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការផ្សេងទៀតនៅទីក្រុងហ្សឺណែវ បានពិភាក្សាអំពីបញ្ហានេះជាមួយ WMO ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:






