អ្នកចាំទីប្រេស៊ីលម្នាក់ បានច្រឡំមាត់ហៅឈ្មោះសង្សារខុស កំឡុងកិច្ចសម្ភាសពេលចប់ការប្រកួត
- BY
- autoadmin
- August 27, 2022
អ្នកចាំទីប្រេស៊ីលម្នាក់បានភ្លាត់ស្នៀតទាត់បញ្ជូលទីខ្លួនឯង ដោយសារគាត់បានច្រឡំមាត់ហៅឈ្មោះសង្សារខុស នៅពេលដែលអ្នកសម្ភាសបានសួរគាត់ថា តើមានអ្វីផ្ដាំផ្ញើទៅកាន់មិត្តស្រីរបស់គាត់ ឬទេ ក្រោយបញ្ចប់ការប្រកួតមួយក្នុងលទ្ធផល ១ ទល់ ១។ អ្នកចាំទីម្នាក់នោះមានឈ្មោះថា Kainan ជាកីឡាកររបស់ក្លឹប GR Esperança មកពីប្រទេសប្រេស៊ីល ហើយក្នុងការប្រកួតនោះផងដែរ គាត់បានជាប់ជា «កីឡាករល្អបំផុតនៃការប្រកួត» ទល់នឹងក្លឹប Vic Vic សម្រាប់ក្របខណ្ខ Copa da Paz ។

អ្នកសម្ភាសនៅកណ្តាលទីលាន ក្រោយចប់ការប្រកួតបានសួរថា៖ «តើចង់ផ្ញើការឱប ឬថើប ទៅអ្នកណាទេ?» កីឡារករលោក Kainan ក៏ឆ្លើយថា៖«ផ្ញើចំពោះមិត្តស្រីរបស់ខ្ញុំ ដែលកំពុងធ្វើការឥឡូវនេះ សូមអរព្រះគុណព្រះជាម្ចាស់ បើមិនដូច្នេះទេ ខ្ញុំនឹងមិននៅទីនេះទេ។ អូន Grazi បងសូមឱបអូនពីចម្ងាយ»។ ប៉ុន្តែ ការពិតទៅ Grazi មិនមែនជាឈ្មោះរបស់មិត្តស្រីបច្ចុប្បន្នរបស់គាត់ទេ។
ភ្លាមៗនោះ លោក Kainan បានភ្ញាក់ដឹងកំហុសរបស់គាត់ ដោយនិយាយថា៖«ខ្ញុំនិយាយឈ្មោះខុស។ នាងគឺឈ្មោះ Jucielly ខ្ញុំបានហៅឈ្មោះសង្សារខុសហើយ»។ អ្នកសម្ភាសក៏បានសួរបន្ដថា៖«អ្នកនិយាយលេងមែនទេ?» ហើយលោក Kainan បាននិយាយថា៖«ខ្ញុំធ្ងន់-ក ហើយពេលនេះ។ ខ្ញុំច្បាស់ជាត្រូវមានរឿងដោះស្រាយពេលទៅដល់ផ្ទះមិនខាន»។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេនៅមិនទាន់ដឹងថា លោក Kainan អាចរក្សាទំនាក់ទំនងជាមួយនាង Jucielly ឬទេ៕
អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






