អន្តរជាតិ

សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំង ២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងបំផុត ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi

BY
autoadmin
August 29, 2022

សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងចំនួន ២គ្រឿង ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលវាគឺជាការដឹកជញ្ជូនលើកដំបូងនៅក្នុងផ្លូវទឹក ចាប់តាំងពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិនបានកើនឡើង ជុំវិញដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានសភាលោកស្រី Nancy Pelosi ។ យោងតាមសេចក្តីថ្លែងការណ៍នៃកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុនបានឱ្យដឹងថា នាវាចម្បាំង USS Antietam និង USS Chancellorsville កាលពីថ្ងៃអាទិត្យ បានធ្វើដំណើរឆ្លងកាត់ដែនទឹកស្របតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរពីលើសមុទ្រ។

កងនាវាចរទី៧ របស់សហរដ្ឋអាមេរិក (United States Seventh Fleet) បាននិយាយថា ដំណើរឆ្លងកាត់កំពុងដំណើរការ ហើយថា មិនមានការជ្រៀតជ្រែកពីកងកម្លាំងយោធាបរទេសនោះទេ គិតមកទល់ពេលនេះទេ។ ខ្លួនបាននិយាយថា៖«នាវាទាំងនេះ (កំពុងឆ្លងកាត់) តាមច្រករបៀងមួយក្នុងច្រកសមុទ្រ ដែលហួសពីដែនសមុទ្រនៃរដ្ឋឆ្នេរសមុទ្រណាមួយ។ ការដឹកជញ្ជូនរបស់នាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ យោធាអាមេរិក ហោះហើរ បើកបរ និងប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត»។

ទន្ទឹមនឹងនេះដែរ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានប្រាប់ពិធីករទូរទស្សន៍ CNN លោក Jim Sciutto កាលពីថ្ងៃអាទិត្យថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ២គ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បានផ្ញើសារយ៉ាងច្បាស់លាស់ និងស្របគ្នាខ្លាំងណាស់ថា យោធាសហរដ្ឋអាមេរិកនឹងបើកបរ ហោះហើរ និងប្រតិបត្តិការ នៅទីតាំងណាក៏ដោយ ដែលច្បាប់អន្តរជាតិអនុញ្ញាត»៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: