អន្តរជាតិ

ព្រឹកមិញនេះ គ្រោះរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី

BY
autoadmin
August 29, 2022

យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រារបស់ខ្លួន ដែលនេះគឺជាការរញ្ជួយលើកទី៣ ដែលបានអង្រួនតំបន់នេះចាប់តាំងពីព្រឹកថ្ងៃចន្ទ។ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានកត់ត្រាការរញ្ជួយដីពីកោះ Mentawai ក្បែរឆ្នេរខាងលិចនៃកោះស៊ូម៉ាត្រា នៅមុនម៉ោង ១០ និង ៣០ នាទីព្រឹក ហើយបាននិយាយថា គ្មានព្រមានអំពីរលកយក្សស៊ូណាមិនោះទេ។ អ្នកនាំពាក្យ BMKG បាននិយាយកាលពីមុនថា ទីភ្នាក់ងារនេះបានកត់ត្រាកម្រិត ៦.៤ រ៉ិចទ័រ ប៉ុន្តែបានប្ដូរទៅកម្រិត ៦.១ វិញ។

ការរញ្ជួយដី៣ ដងជាប់ៗគ្នា បានវាយប្រហារតំបន់នេះចាប់តាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទ ជាមួយនឹងការរញ្ជួយកម្រិត ៥.២ រ៉ិចទ័រដែលបានកត់ត្រាមុនពេលថ្ងៃរះ បន្ទាប់មកដោយការរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ តិចជាងមួយម៉ោងក្រោយមក។ ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរញ្ជួយដីកម្រិត ៦.១ រ៉ិចទ័រ អាចឱ្យអ្នកស្រុកនៅកោះ Mentawai ក្នុងរដ្ឋធានីខេត្ត Padang និងនៅតំបន់ភ្នំជុំវិញនៃ Bukitinggi ដឹងពីរំញ័ររបស់វាបានជាច្រើនវិនាទីផងដែរ។ ទីភ្នាក់ងារ​នេះ​បាន​និយាយ​ថា ​មិន​មាន​របាយការណ៍​នៃ​អ្នក​ស្លាប់​ និង​របួស​នោះ​ទេ ប៉ុន្តែ​មាន​ការ​ខូចខាត​បន្តិចបន្តួច​ចំពោះ​អគារ​នៅ​លើ​កោះ Siberut៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: