«តើកូនៗរបស់ខ្ញុំស្លាប់ ព្រោះខ្ញុំរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំមែនទេ?»
ប្តីប្រពន្ធមួយគូ នាង Ruba Bibi និងលោក Saqib Mehmood ទាំងពីរមានហ្សែនដែលស្ថិតក្នុងស្ថានភាពម៉្យាងដែលមិនអាចព្យាបាលបាន ដូចនេះគឺវាមានន័យថា កូនរបស់ពួកគេមានឱកាស ១ ក្នុងចំណោម ៤ ដែលនឹងត្រូវស្លាប់ទៅវិញទាំងនៅជាទារក។ យ៉ាងណាមិញពួកគេបានបាត់បង់កូនបីដងរួចមកហើយ ពេលនេះសាច់ញាតិពួកគេខ្លះចង់ឱ្យពួកគេបែកគ្នា និងរៀបការម្តងទៀតរៀងៗខ្លួន។ នាង Ruba Bibi តែងចោទជាសំណួរថា តើមូលហេតុអ្វីបានជាកូនរបស់នាងត្រូវស្លាប់ទៅវិញម្តងហើយម្តងទៀត? ឬ ដោយសារតែនាងរៀបការជាមួយបងជីដូនមួយខ្លួន?
ប្តីប្រពន្ធមួយគូនេះត្រូវបានគេឱ្យដឹងថា គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយនារីជាប្រពន្ធត្រូវបានបង្ខំឱ្យរៀបការជាមួយនឹង Saqib Mehmood ទាំងដែលការពិតគឺនាងចង់នៅបន្តការសិក្សារបស់នាង។ នាង Ruba Bibi គឺមិនដែលបានជួប Saqib Mehmood ម្តងណាឡើយមុនពេលដែលពួកគេរៀបការ ហើយពួកគេបានរៀបការជាមួយគ្នាកាលពីនាងមានអាយុ ១៧ឆ្នាំខណៈដែល Saqib Mehmood មានអាយុ ២៧ឆ្នាំ។ ដោយតែភាពក្មេងខ្ចី និងមិនហ៊ានជំទាស់បំណងគ្រួសារ និងឪពុកម្តាយ នាងក៏ព្រមទទួល Saqib Mehmood ធ្វើជាស្វាមី។ យ៉ាងណាមិញរឿងហេតុចេះតែបន្តមាន ដោយកូនទី១ របស់នាងមានឈ្មោះថា Hassan មិនមានការលូតលាស់ដូចក្មេងដទៃឡើយ ខ្លួនរបសគេមិនលូតលាស់ ប៉ុន្តែក្បាលរបស់គេកានតែធំ។
ចូលមកដល់ឆ្នាំ២០១០ នាង Ruba ក៏មានកូនមួយទៀតដែលជាលទ្ធផលការធ្វើតេស្តបានបង្ហាញថា កូនទី២ ឈ្មោះ Alishbah របស់នាងក៏មានជំងឺកោសិកា (I-cell disorder) នេះដែរ។ កូនរបស់នាងក៏ស្លាប់ទៅវិញបន្ទាប់ពីគេមានអាយុ ៣ឆ្នាំ ក្នុងឆ្នាំ២០១៣ គឺមួយឆ្នាំក្រោយពេលដែល Hassan ស្លាប់។ ក្រោយមកពេលនាងមានពពោះកូនទី៣ មានការណែនាំឱ្យនាងទម្លាក់កូនចេញ ដោយសារនាងមិនអាចមានកូនឱ្យមានសុខភាពល្អបានទេ ប៉ុន្តែនាងមិនព្រម។ ក្រោយមកកូនទី៣ របស់ពួកគេ Inara ក៏បានចាប់កំណើត ហើយក៏មានជំងឺកោសិកា (I-cell disorder) ដូចគ្នា។ ចំណែកប្តីរបស់គាត់វិញ គឺមិនដែលស្អប់ខ្ពើមកូនដែលមានលក្ខណៈមិនគ្រប់គ្រាន់ទាំង៣ របស់ពួកគេឡើយ គាត់តែងតែនិយាយថា «ត្រូវមានអំណរគុណ» ។ ក្រោយមក Inara ក៏បានស្លាប់ដូចគ្នា ដែលពេលនេះហើយគឺនាង Ruba Bibi ព្រមជឿថា សំណាងអាក្រក់ដែលតែងតែកើតមកលើកូនៗរបស់នាង គឺមានទាក់ទងជាមួយការរៀបការជាមួយបងជីដូនមួយខ្លួនឯងនេះ៕





អត្ថបទ៖ លីដា
ប្រភព៖ bbc