អន្តរជាតិ

លោក ប្រាវីត វង្សសុវណ្ណ បានបើកការប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង ប៉ុន្តែគាត់មិនអង្គុយកៅអីរបស់នាយករដ្ឋមន្ត្រីឡើយ

BY
autoadmin
August 30, 2022

ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃ គឺលោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) បានធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ជាលើកដំបូងរបស់គាត់នៅថ្ងៃអង្គារនេះ ប៉ុន្តែគាត់មិនបានអង្គុយលើកៅអីនាយករដ្ឋមន្ត្រីនោះទេ ដើម្បីជាកិត្តិយសដល់លោក ប្រាយុទ្ធ ចាន់អូចា ដែលកំពុងត្រូវបានផ្អាកពីតួនាទី។ ឧត្តមសេនីយលោក ប្រាវីត បានញញឹម និងស្វាគមន៍អ្នកសារព័ត៌មាន នៅពេលដែលលោកដើរចូលទៅក្នុងវិមានរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំជាលើកដំបូងក្នុងតួនាទីជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានព្យួរតំណែងលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ពីតំណែងជានាយករដ្ឋមន្ត្រី។

ឧត្តមសេនីយ ប្រាវីត វង្សសុវណ្ណ បាននិយាយថា លោកនៅបន្ដអង្គុយកៅអីរបស់ឧបនាយករដ្ឋមន្ត្រីដដែល និងមានបំណងទុកកៅអីនាយករដ្ឋមន្ត្រីឱ្យនៅទំនេរ ដើម្បីគោរពដល់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា ដែលនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេស បើទោះបីជាគាត់ត្រូវបានគេព្យួរពីតួនាទីបណ្ដោះអាសន្នក៏ដោយ។ ចំណែកលោក ប្រាយុទ្ធ ចាន់អូចា ក៏បានចូលរួមកិច្ចប្រជុំនេះដូចគ្នា ប៉ុន្តែមិនបានអញ្ចើញទៅដោយផ្ទាល់នោះទេ ដោយបានចូលរួមតាមរយៈកម្មវិធី Zoom ពីការិយាល័យរបស់គាត់នៅក្រសួងការពារជាតិ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។

គួររំលឹកដែរថា តុលាការធម្មនុញ្ញបាន​បញ្ជា​ឱ្យ​ផ្អាក​តួនាទីជានាយករដ្ឋមន្ត្រីរបស់​ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា កាលពីពេលថ្មីៗនេះ បន្ទាប់ពី​ខ្លួន​បាន​សម្រេច​ទទួលយក​​ញត្តិ​មួយ​ ដែល​ស្នើ​ឱ្យ​មាន​ការ​សម្រេច​លើ​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អស់រយៈពេល​ ៨ ​ឆ្នាំ​របស់​លោក ប្រាយុទ្ធ ចាន់អូចា រាប់ចាប់តាំងពីពេលធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ដោយសារតាមច្បាប់រដ្ឋធម្មនុញ្ញ គឺគាត់មិនអាចឈរជើងជានាយករដ្ឋមន្ត្រីលើសពីនេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: