ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតមេដឹកនាំសូវៀតចុងក្រោយលោក Mikhail Gorbachev បានទទួលមរណៈភាពនៅក្នុងវ័យ ៩១ឆ្នាំ

    BY autoadmin August 31, 2022
    អតីតមេដឹកនាំសូវៀតចុងក្រោយលោក Mikhail Gorbachev បានទទួលមរណៈភាពនៅក្នុងវ័យ ៩១ឆ្នាំ

    អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev (មីកហ៊ែល ហ្គោរបាចហ្វ) ដែលបានជួយជ្រោមជ្រែងសង្រ្គាមត្រជាក់ឱ្យបញ្ចប់ដោយសន្តិភាព បានទទួលមរណភាពក្នុងវ័យ ៩១ឆ្នាំ ដោយសាររោគាពាធរ៊ាំរ៉ៃយូរឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២។ គួរឱ្យដឹងផងដែរថា លោក Gorbachev បានឡើងកាន់អំណាចក្នុងឆ្នាំ១៩៨៥ ហើយលោកបានព្យាយាមយ៉ាងសកម្ម នៅក្នុងការស្រោចស្រង់សហភាពសូវៀតឡើងវិញ។ ថ្វីបើគាត់មិនអាចជួយឱ្យសហភាពសូវៀតរស់រានឡើងវិញ ប៉ុន្តែគាត់បានណែនាំឱ្យមានកំណែទម្រង់នានា ដែលវាបានជួយឱ្យសង្គ្រាមត្រជាក់បញ្ចប់ទៅដោយសន្តិវិធី។

    ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres មានការគោរពស្ញប់ស្ញែងដល់ស្នាដៃរបស់លោក Gorbachev ដោយបាននិយាយថា៖ «គាត់បានផ្លាស់ប្តូរដំណើរនៃប្រវត្តិសាស្រ្ត»។ លោកប្រធាន Guterres បានសរសេរនៅលើបណ្ដាញ Twitter ថា៖«លោក Mikhail Gorbachev គឺជារដ្ឋបុរសដែលមានចិត្តល្អ។ ពិភពលោកបានបាត់បង់មេដឹកនាំពិភពលោកដ៏ប៉ិនប្រសប់ មានការប្តេជ្ញាចិត្តពហុភាគីនិយម និងជាអ្នកតស៊ូមតិមិនចេះនឿយហត់សម្រាប់សន្តិភាព»។ ចំណែកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំជូនលោក Gorbachev ហើយប្រធានាធិបតីអាមេរិក ចូ បៃដិន និងមេដឹកនាំប្រទេសតំបន់អឺរ៉ុបដទៃទៀត ក៏បានបង្ហាញពីការរំលែកទុក្ខរបស់ពួកគេដូចគ្នា៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: