អន្តរជាតិ

ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គ្រោងនឹងមានអ្នកចូលរួម ៦,០០០ នាក់ នៅឯកីឡដ្ឋាន Nippon Budokan ទីក្រុងតូក្យូ

BY
autoadmin
August 31, 2022

ស្ថានីយទូរទស្សន៍ NHK បានទទួលសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធឡើងនៅឯកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ, ចាប់ពីម៉ោង ២ រសៀលតទៅ។ ភ្ញៀវប្រហែល ៦,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាក់កាល ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញានេះផ្ទាល់។ ភ្ញៀវ​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ប្រធាន​សភា​ និង​ថ្នាក់​ដឹកនាំ​របស់ជប៉ុន ប្រធាន​តុលាការ​កំពូល សមាជិកព្រឹទ្ធសភា Diet និង​តំណាង​រដ្ឋាភិបាល​ក្នុង​តំបន់។

ឥស្សរជនបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញ រួមជាមួយនឹងអ្នកដឹកនាំអាជីវកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះដែរ សាធារណជននឹងត្រូវបានអញ្ជើញឱ្យដាក់ផ្កានៅអាសនៈមួយ នៅខាងក្រៅកីឡដ្ឋាន Nippon Budokan ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ រសៀល នៅកំឡុងពេលពិធីបុណ្យមរណៈទុក្ខនេះ។ រដ្ឋាភិបាល​​នឹងធ្វើសេចក្ដីសម្រេចជា​ផ្លូវការ​ បន្ទាប់​ពី​ការ​ពិភាក្សា​នៅ​លេខាធិការដ្ឋាន ​ដោយ​មានការចូលរួមពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

រំលឹកឡើងវិញដែរថា អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ ក្នុងយុទ្ធនាការ​សម្រាប់​បេក្ខភាពបោះឆ្នោត​សភា​ជាន់​ខ្ពស់ ​របស់​គណបក្ស​របស់លោក ​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​ក្នុង​ខែ​កក្កដា។ ពិធី​បុណ្យ​សព​ថ្នាក់រដ្ឋរបស់លោក អាបេ ​នឹង​ក្លាយ​ជា​ពិធី​បុណ្យ​លើក​ទី​២ ​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្រោយ​សង្គ្រាម។ ដោយលើទី១ គឺសម្រាប់លោក Yoshida Shigeru ដែលបានស្លាប់នៅឆ្នាំ១៩៦៧៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: