អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា​មួយរបស់រុស្ស៊ី​ គ្រោង​នឹង​ដំឡើង​បច្ចេកវិទ្យា​ស្កេន​មុខ​នៅក្នុង​ប្រទេស​ថៃ

BY
autoadmin
August 31, 2022

ក្រុមហ៊ុនជីវមាត្ររុស្ស៊ី NtechLab បានប្រកាសផែនការរបស់ខ្លួនដើម្បីចូលក្នុងទីផ្សារប្រទេសថៃ ហើយខ្លួនក៏កំពុងពិចារណាផ្លាស់ប្តូរទីស្នាក់ការកណ្តាលអាស៊ីរបស់ខ្លួន ទៅកាន់ប្រទេសថៃផងដែរ។ ក្រុមហ៊ុនបានអះអាងថា ប្រទេសចំនួន ២៣ នៅមជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអឺរ៉ុប បាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ «FindFace» របស់ក្រុមហ៊ុន ប៉ុន្តែទោះជាយ៉ាងណា មុខងារនេះក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាព និងសិទ្ធិមនុស្សក្នុងចំណោមសាធារណជនផងដែរ។ ថ្វីបើក្រុមហ៊ុនរុស្ស៊ីរងការដាក់ទណ្ឌកម្មក៏ដោយ ប៉ុន្តែប្រទេសអឺរ៉ុបជាច្រើនបានប្រើបច្ចេកវិទ្យារបស់ NtechLab នេះបើតាមការស៊ើបអង្កេតដោយ Insider ។

ប្រធានផ្នែកពាណិជ្ជកម្មនៅ NtechLab បានធ្វើអត្ថាធិប្បាយលើការពង្រីកក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ថា៖«នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុន NtechLab មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងទីផ្សារទាំងអស់។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានកើនឡើង ៤០% ច្រើនជាងនៅឆ្នាំ២០២០។ នៅឆ្នាំ២០២២ កំណើនពីមួយឆ្នាំទៅមួយឆ្នាំបានកើនលើសពី ៤០% រួចទៅហើយ។ បច្ចុប្បន្នយើងកំពុងសម្លឹងមើលប្រទេសថៃជាទីស្នាក់ការកណ្តាលឱ្យ NtechLab។ ប្រទេស​នេះ​ជា​កត្តា​ជំរុញ​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជីថល​ក្នុង​តំបន់»។ ប្រធានផ្នែកអភិវឌ្ឍន៍ និងលក់ពាណិជ្ជកម្ម (អាស៊ីប៉ាស៊ីហ្វិក) នៃក្រុមហ៊ុន Ntechlab លោក Dmitry Tameev ក៏បានធ្វើអត្ថាធិប្បាយអំពីផែនការរបស់ក្រុមហ៊ុនសម្រាប់ប្រទេសថៃផងដែរ។

BBC រាយការណ៍ថា ប្រព័ន្ធឃ្លាំមើលវីដេអូរបស់ទីក្រុងមូស្គូ ត្រូវបានបង្កើតឡើងដោយក្បួនសម្គាល់មុខ algorithms ចំនួន ៤ ដែលភ្ជាប់ដោយផ្ទាល់ទៅការិយាល័យអភិបាលក្រុងម៉ូស្គូ។ BBC បាននិយាយថា បច្ចេកវិទ្យានេះត្រូវបានប្រើដើម្បីចាប់ឧក្រិដ្ឋជននៅទីក្រុងមូស្គូ ហើយក៏ត្រូវបានគេប្រើដើម្បីតាមដានគូប្រជែងនយោបាយរបស់ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Biometric Update

Share This Post: