អន្តរជាតិ

សហភាពអឺរ៉ុបបានយល់ព្រមលើការផ្អាកកិច្ចព្រមព្រៀង សម្របសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី ដើម្បីឱ្យពួកគេកាន់តែពិបាកក្នុងការចូលទៅតំបន់អឺរ៉ុប

BY
autoadmin
September 1, 2022

រដ្ឋមន្ត្រីការបរទេសមកពីសហភាពអឺរ៉ុប បានយល់ព្រមផ្អាកកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី នៅក្នុងកិច្ចប្រជុំមួយ ដែលបានធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ទីក្រុង​ប្រាក។ មេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា ពួកគេបានឃើញ «ការកើនឡើងយ៉ាងខ្លាំង» នៅក្នុងចំនួនប្រជាជនរុស្ស៊ី ដែលធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបសម្រាប់ «ការកម្សាន្ត និងការដើរទិញឥវ៉ាន់» ដែលមើលទៅ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសម្រាប់ពួកគេ។ ភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប បាននិយាយថា ជនជាតិរុស្សីប្រហែល ១លាននាក់ បានចូលមកប្រទេសក្នុងសហភាពអឺរ៉ុប គិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន។ មុននេះ អាជ្ញាធរក៏បានបាន​រឹត​បន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​ និង​ពាណិជ្ជកររុស្ស៊ីផងដែរ។

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​របស់សហភាពអឺរ៉ុប​មិន​អាច​យល់​ស្រប​លើ​ការ​ហាម​ឃាត់​ទាំងស្រុងបានទេ ដោយរដ្ឋមន្ត្រីដែលមក​ពី​ប្រទេស​អាល្លឺម៉ង់ បារាំង និង​បែលហ្ស៊ិកបាន​និយាយ​ថា ជនជាតិ​រុស្ស៊ី​ដែល​ប្រឆាំង​នឹង​សង្រ្គាម ឬ​ចង់​ចាក​ចេញ​ពី​ប្រទេស​នេះ ​មិន​គួរ​ត្រូវ​បាន​គេ​ដាក់​ទោសនោះ​ទេ។ ដូច្នេះជំនួសឱ្យការដាក់បម្រាមមួយ ពួកគេគ្រាន់តែធ្វើឱ្យពលរដ្ឋរុស្ស៊ីកាន់តែមានការពិបាកក្នុងការចូលសហភាពអឺរ៉ុប ដោយព្យួរកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការប៉ុណ្ណោះ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba ក៏បានទទួលការអញ្ជើញឱ្យចូលរួមកិច្ចពិភាក្សានេះ បើទោះបីជាប្រទេសរបស់លោកមិនមែនជាសមាជិកសហភាពអឺរ៉ុបក៏ដោយ។ លោក​បាន​ហៅ​ការ​ផ្អាក​នេះ​ថា ​ជា​វិធានការ​ពាក់​កណ្តាល ហើយ​បាន​និយាយ​ថា ​វិធានការ​ពាក់​កណ្តាល​នេះ​ គឺ​ពិត​ជា​អ្វី​ដែល​នាំ​ឱ្យ​មាន​ការ​ឈ្លានពាន។ លោកបានបន្ថែមថា ប្រសិនបើជនជាតិរុស្ស៊ីមិនគោរពព្រំដែននៃប្រទេសជិតខាងរបស់ពួកគេ នៅអឺរ៉ុបនោះ ពួកគេគួរតែស្នាក់នៅផ្ទះ និងរីករាយជាមួយរុស្ស៊ីគ្នាឯង៕

អត្ថបទ៖ លីដា
ប្រភព៖ The Guardian

Share This Post: