អបអរសាទរ Miss Universe 2018 នាង Catriona Grey ក្នុងការដណ្តើមយកមកុដបវរកញ្ញាចក្រវាលទី៤ មកឱ្យហ្វីលីពីន
នាង Catriona Grey បេក្ខនារីរបស់ប្រទេសហ្វីលីពីនបានគ្រងមកុដបវរកញ្ញាចក្រវាល Miss Universe 2018 ជាស្ថាពរនាថ្ងៃចន្ទនេះ ហើយវាគឺជាលើកទី៤ ដែលប្រទេសហ្វីលីពីនបានឈ្នះក្នុងការប្រឡងបវរកញ្ញាចក្រវាលនេះ ដោយការឈ្នះទាំង៣ផ្សេងទៀតនៅក្នុងឆ្នាំ១៩៦៩ ឆ្នាំ១៩៧៣ និងឆ្នាំ២០១៥។ នាង Catriona Grey គឺជាតារាម៉ូដែលវ័យ២៤ឆ្នាំ និងជាកូនកាត់ ហ្វីលីពីន-អូស្ត្រាលី ហើយនៅក្នុងការប្រកួតនេះដែរ នាងត្រូវបានគេសួរអំពីទស្សនៈផ្ទាល់របស់នាងទៅលើការធ្វើឱ្យស្របច្បាប់ក្នុងការដាក់ឱ្យប្រើប្រាស់នូវកញ្ឆា ខណៈដែលហ្វីលីពីនក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Rodrigo Duterte កំពុងតែមានបេសកកម្មបង្ក្រាបគ្រឿងញៀនយ៉ាងសកម្ម និងបានសម្លាប់ទាំងអ្នកជួញដូរ និងប្រើប្រាស់រាប់ពាន់នាក់មកហើយនោះ។
នាង Catriona Grey បានឆ្លើយទៅនឹងសំណួរនេះថា នាងគាំទ្រវាសម្រាប់ការប្រើប្រាស់ក្នុងមធ្យោបាយវេជ្ជសាស្រ្ត។ នាងបានបន្តថា សំណួរនេះគឺពិតជាពាក់ព័ន្ធ និងជាប្រធានបទសកម្មមួយសម្រាប់ប្រទេសនាង។ យ៉ាងណាមិញលោក Salvador Panelo អ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Rodrigo Duterte បាននិយាយថា ជ័យជំនះរបស់នាងនឹងដាក់ប្រទេសហ្វីលីពីននៅលើផែនទីពិភពលោកសម្រាប់ភាព «ស្រស់ស្អាត និងឆើតឆាយ» «នៅក្នុងភាពជោគជ័យរបស់បវរកញ្ញាហ្វីលីពីននេះ បានបង្ហាញដល់ពិភពលោកថាស្ត្រីនៅក្នុងប្រទេសហ្វីលីពីនមានលទ្ធភាពក្នុងការប្រែក្លាយសុបិនឱ្យទៅជាការពិតតាមរយៈចំណង់ចំណូលចិត្ត ភាពឧស្សាហ៍ព្យាយាម និងការខិតខំប្រឹងប្រែង»៕



អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia