ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed Bin Salman នឹងមិនចូលរួមព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នោះទេ

    BY autoadmin September 19, 2022
    រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed Bin Salman នឹងមិនចូលរួមព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នោះទេ

    ការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយថា រាជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed Bin Salman មិនត្រូវបានរំពឹងថា នឹងចូលរួមព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth II នោះទេ។ ប្រភព​ដែល​បាន​ដក​ស្រង់​សម្តី​ដោយ រ៉យទ័រ បាន​និយាយ​ថា ​ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយភាគី​អារ៉ាប៊ីសាអូឌីត។ មុននេះ ក្រុម​សិទ្ធិមនុស្ស​ក៏បានធ្វើការ​រិះគន់យ៉ាងខ្លាំង លើ​ការសម្រេចចិត្ត​អញ្ជើញ​ព្រះអង្គម្ចាស់​របស់​អារ៉ាប៊ីសាអូឌីតអង្គនេះ ខណៈដែលទ្រង់ត្រូវបានលោកខាងលិចចោទប្រកាន់ថា បានបញ្ជាឱ្យមានការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអូឌីតលោក Jamal Khashoggi ក្នុងឆ្នាំ២០១៨។

    ទ្រង់បាន​បដិសេធ​ការ​ចោទ​ប្រកាន់នេះ ប៉ុន្តែ​ទ្រង់​ត្រូវ​បានលោក​ខាង​លិចមើលមកថា ​ជា​ជន​អគតិម្នាក់ ហើយទ្រង់​មិន​ដែលបាន​យាងទៅ​កាន់​អង់គ្លេស​នោះទេ ចាប់​តាំង​ពី​​ឃាតកម្ម​លើលោក Jamal Khashoggi នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអូឌីត ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសទួរគីកាលពីឆ្នាំ២០១៨​។ យ៉ាងណា ព្រះអង្គម្ចាស់ Turki al-Faisal ដែលជារាជវង្សអារ៉ាប៊ីសាអូឌីតជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីបុណ្យសពជំនួសវិញ។ ចំណែកការអញ្ជើញប្រទេសចិន ក៏ទទួលរងការរិះគន់ផងដែរ ដោយសារប្រទេសចិនមានរឿងអាស្រូវ បំពានកម្លាំងពលកម្មលើជនជាតិអ៊ុយហ្គួរមូស្លីមនៅស៊ីនជាំង។ ប៉ុន្តែប្រទេសចិនបានបញ្ជាក់ថា ខ្លួនកំពុងបញ្ជូនអនុប្រធានាធិបតីរបស់ខ្លួន គឺលោក Wang Qishan ឱ្យទៅចូលរួមព្រះរាជពិធីបុណ្យសពនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: