ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់កងកម្លាំងរុស្ស៊ីឱ្យចុះចាញ់ ឬចាកចេញពីប្រទេសរបស់ខ្លួន
ប្រធានាធិបតីលោក Volodymyr Zelenskyy បាននិយាយថា កងទ័ពអ៊ុយក្រែនកំពុងរៀបចំ សម្រាប់ការទទួលជ័យជម្នះជាបន្តបន្ទាប់របស់ពួកគេ។ កាលពីថ្ងៃចន្ទ លោកបានព្រមានទាហានរុស្ស៊ីនៅក្នុងប្រទេសរបស់លោកថា ពួកគេមានជម្រើសតែ ២ ប៉ុណ្ណោះ គឺរត់គេច ឬចុះចាញ់។ លោក Zelenskyy បានចោទប្រកាន់រុស្ស៊ីថា «បង្កហានិភ័យ» ដល់ពិភពលោកទាំងមូល។ ការិយាល័យរបស់គាត់ក៏បានចេញផ្សាយវីដេអូមួយ បង្ហាញពីមីស៊ីលរបស់រុស្សី ដែលវាយប្រហារទីតាំងមួយនៅតំបន់ Mykolaiv។ តំបន់នោះរួមមានរោងចក្រនុយក្លេអ៊ែរ Pivdennoukrainsk ដែលធំជាងគេទី២ របស់អ៊ុយក្រែនផងដែរ។

មន្ត្រី ជាមួយប្រតិបត្តិករថាមពលជាតិ Energoatom បានរាយការណ៍ពីការផ្ទុះ ៣០០ ម៉ែត្រ ពីរ៉េអាក់ទ័រ ប៉ុន្តែរោងចក្រនោះគឺនៅដំណើរការជាធម្មតា ហើយពួកគេក៏មិនបានរាយការណ៍ពីការរងរបួសណាមួយនោះដែរ។ យ៉ាងណា ភាគីរុស្ស៊ីមិនបានឆ្លើយតបនឹងការចោទប្រកាន់នោះទេ ប៉ុន្តែពួកគេបានប្រកាសថា ពួកគេបានវាយប្រហារជាបន្តបន្ទាប់ទៅភាគអាគ្នេយ៍។ ពួកគេក៏បានបញ្ចេញវីដេអូដែលអះអាងថា បានបំផ្លាញកន្លែងសម្រាប់ជួសជុល HIMARS ដែលជាប្រព័ន្ធរ៉ុក្កែត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកផងដែរ។


អត្ថបទ៖ លីដា
ប្រភព៖ NHK