អន្តរជាតិ

ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក ទោះបីជាករណីថ្មីៗបន្ដកើតមានក៏ដោយ

BY
autoadmin
September 20, 2022

ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក ទោះបីជាចំនួនប្រជាជនអាមេរិក ដែលបានស្លាប់ដោយសារជំងឺនេះនៅតែបន្តកើនឡើងក៏ដោយ។ លោក បៃដិន បាននិយាយថា ខណៈពេលដែលយើងនៅតែមានបញ្ហាខ្លះ ស្ថានភាពពេលនេះកំពុងប្រសើរឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងបទសម្ភាសន៍ជាមួយ 60 Minutes នៅលើប៉ុស្តិ៍ CBS លោក បៃដិន បាននិយាយថា៖«​ប្រសិន​បើ​អ្នក​កត់​សម្គាល់​ គ្មាន​អ្នក​ណា​ពាក់​ម៉ាស់ទៀត​ទេ​។ គ្រប់​គ្នា​ហាក់​ដូច​ជា​មានភាពល្អប្រសើរ… ខ្ញុំ​គិត​ថា​វា​មាន​ការ​ផ្លាស់​ប្តូរច្រើន»។

យ៉ាងណាក៏ដោយ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ, ជាមធ្យមមានការស្លាប់ចំនួន ៤០០ ករណី ត្រូវបានកត់ត្រាជារៀងរាល់ថ្ងៃនៅអាមេរិក ដោយមានការស្លាប់ច្រើនជាង ៣,០០០ ករណី កាលពីសប្តាហ៍មុន។ ប៉ុន្តែចំនួននេះ ក៏បានបង្ហាញពីការថយចុះការស្លាប់មួយចំនួនធំផងដែរ បើប្រៀបធៀបនឹងការស្លាប់រហូតដល់ទៅ ២៣,០០០ ករណី កាលពីខែមករា ឆ្នាំ២០២១ ខណៈចំនួនស្លាប់សរុបរបស់ពលរដ្ឋអាមេរិក គិតមកទល់ពេលនេះ មានរហូតដល់ទៅជាង ១ លានករណី។ គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះ ៦៥% នៃជនជាតិអាមេរិក បានទទួលវ៉ាក់សាំងបង្ការពេញលេញ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: