ពលរដ្ឋជាបុរសរបស់រុស្ស៊ី បានសម្រុកចាកចេញពីប្រទេស បន្ទាប់ពីលោក ពូទីន បញ្ជាឱ្យមានការកែនទ័ពទូទាំងប្រទេស
- BY
- autoadmin
- September 23, 2022
ពលរដ្ឋរុស្ស៊ីកំពុងសម្រុកចាកចេញពីប្រទេសរបស់ពួកគេ ដែលអាចមើលឃើញបាននៅតាមច្រកព្រំដែន បន្ទាប់ពីមានការប្រកាសពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឱ្យមានការកែនទ័ពចំនួន ៣០០,០០០ នាក់ នៅទូទាំងប្រទេសកាលពីថ្ងៃពុធ ដែលទំនងជាការកោះហៅសម្រាប់សង្គ្រាមនៅអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ យ៉ាងណាក៏ដោយ វិមានក្រឹមឡាំងនិយាយថា របាយការណ៍អំពីការភៀសខ្លួននេះ គឺជាការបំផ្លើស។ ប៉ុន្តែនៅតាមព្រំដែនជាមួយប្រទេសហ្សកហ្ស៊ី គេឃើញមានជួររថយន្តប្រវែងរាប់គីឡូម៉ែត្រ រួមទាំងពលរដ្ឋជាបុរសជាច្រើនដែលកំពុងព្យាយាមគេចពីសង្រ្គាមផងដែរ។
បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ BBC ថា គាត់បានយកលិខិតឆ្លងដែនមកតាមខ្លួន ដោយគ្មានរបស់អ្វីផ្សេងទៀតទេ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីលោក ពូទីន ព្រោះគាត់នៅក្នុងក្រុមដែលអាចត្រូវបានគេបញ្ជូនទៅធ្វើសង្គ្រាម។ សាក្សីខ្លះបានប៉ាន់ប្រមាណថា ជួររថយន្តនៅប៉ុស្តិ៍ត្រួតពិនិត្យ Upper Lars មានប្រវែងប្រហែល ៥ គីឡូម៉ែត្រ ខណៈដែលក្រុមផ្សេងទៀតបាននិយាយថា ពួកគេបានចំណាយពេល ៧ ម៉ោង ដើម្បីឆ្លងកាត់ច្រកព្រំដែន។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីអ្នកបើកបរមួយចំនួន បានទុករថយន្ត ឬរថយន្តដឹកទំនិញរបស់ពួកគេជាបណ្តោះអាសន្នក្នុងចរាចរណ៍ដែលជាប់គាំង។ គួរឱ្យដឹងដែរថា ហ្សកហ្ស៊ីគឺជាប្រទេសជិតខាងមួយក្នុងចំនោមប្រទេសជិតខាងមួយចំនួន ដែលជនជាតិរុស្សីអាចចូលបានដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ៕
អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post: