បុរសម្នាក់ស្ទាក់ផ្លូវទះកំផ្លៀងអតីតគ្រូខ្លួនឯង ដោយសងសឹករឿងគ្រូធ្វើបាបតាំងពី ២០ឆ្នាំមុន
បុរសវ័យ ៣៣ឆ្នាំ ម្នាក់ឈ្មោះ Chang បានក្លាយជាវីរុសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីគាត់បានទះកំផ្លៀងអតីតគ្រូបង្រៀនរបស់គាត់ជាសាធារណៈ ដោយសងសឹកការដាក់ទណ្ឌកម្មដែលគាត់បានទទួលកាលពីគាត់រៀនអនុវិទ្យាល័យ ពីរទសវត្សរ៍មុន។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង ហឺណាន ប្រទេសចិន។ ដោយផ្អែកលើវីដេអូខាងក្រោម បុរសវ័យក្មេងនោះ បានស្ទាក់ស្ទះគ្រូរបស់គាត់ដែលមានឈ្មោះថា Zhao នៅចំកណ្តាលផ្លូវដើម្បីនិយាយជាមួយគាត់ រំពេចក្រោយមកគាត់ក៏ចាប់ផ្តើមទះកំផ្លៀងអតីតគ្រូបង្រៀនរបស់គាត់ហើយនិយាយយ៉ាងខ្លាំងថា៖ «ចងចាំពីរបៀបដែលអ្នកធ្លាប់វាយខ្ញុំទេ?! តើអ្នកចាំទេ?! អស់រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅហើយតើអ្នកនៅចាំទេ?!» ហើយគាត់ថែមទាំងស្រែកប្រាប់ឈ្មោះរបស់គាត់ និងបានប្រាប់ថាធ្លាប់ជាសិស្សទៅកាន់អតីតគ្រូបង្រៀននេះ។
យ៉ាងណាមិញអតីតគ្រូបង្រៀន ស្របពេលដែលអតីតសិស្សធ្វើនូវទង្វើបែបនេះ គាត់បានត្រឹមតែអង្គុយនៅលើម៉ូតូរបស់គាត់ដោយភាពអស់សង្ឃឹម ខណៈសិស្សរបស់គាត់នៅតែស្រែកនៅនឹងមុខរបស់គាត់។ គាត់បានសុំទោសលោក Chang ប៉ុន្ដែវាមិនគ្រប់គ្រាន់សម្រាប់លោក Chang នោះទេ។ ជាការពិតនៅពេលដែលលោក Chang មានអាយុ ១៣ឆ្នាំ និងនៅជាសិស្សអនុវិទ្យាល័យ គ្រូរបស់គាត់តែងជាន់គាត់ជាច្រើនលើកច្រើនសារជាការដាក់ទណ្ឌកម្ម។ បញ្ហានោះបានធ្វើឱ្យការគោរពខ្លួនឯង (self-esteem) របស់គាត់ធ្លាក់ចុះ ហើយដោយសារគាត់នៅតូច និងក្រីក្រផងនោះ គាត់គ្មានឱកាសសងសឹកវិញបាន។ យ៉ាងណាក៏ដោយលោក Chang បានត្រូវប៉ូលីសឃាត់ខ្លួននៅឯស្ថានីយ៍រថភ្លើងមួយ ខណៈពេលដែលលោកអតីតគ្រូបង្រៀនបានជាសះស្បើយពីរបួសដែលបណ្តាលពីការវាយប្រហារនេះ ហើយលោក Zhao ត្រូវបានគេឱ្យដឹងថា គាត់នៅតែបន្តធ្វើជាគ្រូបង្រៀនរហូតមកដល់សព្វថ្ងៃ៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz