ការសិក្សាថ្មីមួយបានឱ្យដឹងថា ភាព «ពេញវ័យ» មុនកំណត់របស់កុមារ មានការទាក់ទងនឹងសាប៊ូកក់សក់ ថ្នាំដុសធ្មេញ និងសាប៊ូដុសខ្លួន ដែលពួកគេប្រើប្រាស់
ឪពុកម្តាយជាច្រើនព្រួយបារម្ភអំពីសារធាតុគីមីនៅក្នុងផលិតផលថែរក្សាផ្ទាល់ខ្លួនដែលកូនរបស់ពួកគេប្រើ ប៉ុន្តែឥឡូវនេះការស្រាវជ្រាវថ្មីបានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំងជាងមុន ដោយការប៉ះពាល់នេះចាប់ផ្តើមសូម្បីតែមុនពេលកូនរបស់ពួកគេកើតមកទៅទៀត។ យោងតាមការស្រាវជ្រាវថ្មីមួយដែលដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅ UC Berkeley បានអោយដឹងថា ក្មេងស្រីដែលបានប៉ះពាល់នឹងសារធាតុគីមីដែលត្រូវបានរកឃើញជាទូទៅនៅក្នុងសាប៊ូកក់សក់ ថ្នាំដុសធ្មេញ និងសាប៊ូដុសខ្លួន នឹងមានការ «ពេញវ័យ» មុនកំណត់ សូម្បីតែកំឡុងពេលពួកគេនៅក្នុងផ្ទៃពោះម្តាយក៏អាចទទួលរងនូវឥទ្ធិពលនេះដែរ។
លោកស្រីសាស្រ្តាចារ្យ Kim Harley នៅសាលាសុខភាពសាធារណៈនៅប៊ើឃេលីក្នុងព្រឹត្តិប័ត្រព័ត៌មាន UC បានឱ្យដឹងថា ដូចយើងដឹងហើយ របស់ខ្លះដែលយើងប្រើទៅលើខ្លួនរបស់យើងនឹងជ្រាបចូលក្នុងខ្លួនរបស់យើងដោយឆ្លងកាត់តាមស្បែក ការដកដង្ហើម ឬការញ៉ាំ ដូចនេះយើងត្រូវដឹងថា សារធាតុគីមីទាំងនេះប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងណា។ របាយការណ៍ថ្មីដែលចេញមកពីទិន្នន័យការវាយតម្លៃសុខភាពមាតា និងកុមារនៃសាលីណាស (CHAMACOS) បានអនុវត្តតាមកុមារចំនួន ៣៣៨នាក់ ចាប់តាំងពីមុនពេលសម្រាលដល់វ័យជំទង់ ដើម្បីបង្ហាញថា តើការប៉ះពាល់ពីផ្នែកបរិស្ថានខាងក្រៅអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារ ឬទេ។
ក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ ការស្រាវជ្រាវបានបង្ហាញថា ក្មេងស្រី និងសូម្បីតែក្មេងប្រុស បានឈានចូលវ័យ «ពេញវ័យ» លឿនទៅៗ ដែលនេះគឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ។ ជាងនេះផងដែរអ្នកវិទ្យាសាស្ត្របានផ្សារភ្ជាប់ការចាប់ផ្តើមដំបូងនៃការពេញវ័យជាមួយនឹងហានិភ័យខ្ពស់នៃ ជំងឺផ្លូវចិត្ត មហារីកសុដន់ និងមហារីកអូវែចំពោះក្មេងស្រី និងជំងឺមហារីកពងស្វាសចំពោះក្មេងប្រុស។ សារធាតុគីមីដែលត្រូវបានគេហៅថា phthalates paraben និង phenols ត្រូវបានគេស្គាល់ថា ជាសារធាតុគីមីដែលរំខានដល់ endocrine ដែលអាចធ្វើឱ្យកុមារ «ពេញវ័យ» មុនពេលកំណត់ធម្មជាតិរបស់ពួកគេ។ ដូចដែលការសិក្សាបានកត់សម្គាល់ថា ការប៉ះពាល់ទៅនឹងសារធាតុគីមីទាំងនេះគឺមានភាពទូលំទូលាយណាស់ ដែលនេះជាមូលហេតុដែលមាតាបិតាត្រូវមានការយល់ដឹង៕

អត្ថបទ៖ លីដា
ប្រភព៖ scmp