អំណោយមុនថ្ងៃបុណ្យណូអែលយ៉ាងរំភើប ដែលប្តីប្រពន្ធមួយគូជូនដល់កូនស្រី ធ្វើឱ្យនាងទប់ទឹកភ្នែកមិនបាន (មានវិដេអូ)
អំណោយនៅមុនថ្ងៃបុណ្យណូអែលយ៉ាងរំភើប និងភ្ញាក់ផ្អើលរបស់គ្រួសារមួយជូនទៅកូនស្រីរបស់ពួកគេ គឺពិតជាមិនអាចបំភ្លេចបាន។ លោកឪពុក Lance Fuqua រស់នៅទីក្រុង Seiling រដ្ឋអូក្លាហូម៉ា បានបង្ហោះនូវវីដេអូនៅលើទំព័រហ្វេសប៊ុករបស់គាត់ ដែលបង្ហាញនូវអំណោយក៏គួរឱ្យភ្ញាក់ផ្អើលដល់កូនស្រីរបស់គាត់។ អំណោយដែលធ្វើឱ្យកូនស្រីរបស់គាត់រំភើប និងទប់ទឹកភ្នែកមិនបាននោះគឺជាសត្វឆ្កែមួយក្បាល ដែលនាងធ្លាប់តែទៅលេងជារឿយៗនៅឯកន្លែងជំរកសត្វ (animal shelter) ។
លោក Lance Fuqua បានប្រាប់ថា កូនស្រីរបស់គាត់ Hallee Fuqua បានស្នើសុំឆ្កែមួយសម្រាប់ជាអំណោយបុណ្យណូអែលជាច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់មិនបានធ្វើតាមបំណងរបស់នាងទេ ពួកគាត់បានប្រាប់កូនស្រីរបស់គាត់ថា ត្រូវចាំដល់នាងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសិន។ យ៉ាងណាមិញបច្ចុប្បន្ននាងជានិស្សិតនៅសាកលវិទ្យាល័យរដ្ឋអូក្លាហូម៉ា ហើយបានធ្វើការស្ម័គ្រចិត្តនៅអង្គការ Humane Society of Stillwater។ ខណៈពេលដែលនាងធ្វើការសង្គមមនុស្សធម៌ នាងបានស្រឡាញ់ និងចូលចិត្តឆ្កែមួយក្បាលឈ្មោះ Rambo ហើយឆ្កែនេះបានមកលេងគាត់ជាញឹកញាប់។
លុះក្រោយមកលោក Lance Fuqua និងភរិយា បានសម្រេចចិត្តទទួលចិញ្ចឹម Rambo កាលពី ៣សប្តាហ៍មុន ដោយមានជំនួយពី Humane Society ដោយពួកគេបានរក្សាទុកវាជាការសម្ងាត់។ កូនស្រីរបស់គាត់ Hallee Fuqua ក្រោយដឹងនូវដំណឹងថា មានអ្នកទទួលចញ្ចឹម Rambo នាងមានការអាក់អន់ចិត្តជាខ្លាំង តែក្រោយមកលោក Lance Fuqua ជាឪពុក បាននាំមកនូវអំណោយមុនថ្ងៃបុណ្យណូអែលយ៉ាងរំភើបគឺ Rambo ដែលជាឆ្កែសំណព្វរបស់ Hallee មកឱ្យនាង៕



អត្ថបទ៖ លីដា
ប្រភព៖ fox8