មិនត្រឹមតែជាតារាសម្តែងល្បីល្បាញម្នាក់ និងជាមហាសេដ្ឋីកំពូលដាក់ខ្លួន លោក Chow Yun-fat បានធ្វើបណ្តាំក្រោយពេលស្លាប់ដ៏អស្ចារ្យមួយ…
តារាសម្តែងលោក Chow Yun-fat ដ៏ល្បីល្បាញ បានប្តេជ្ញាចិត្តបរិច្ចាគទ្រព្យសម្បត្តិដ៏ច្រើនទាំងអស់របស់គាត់ឱ្យទៅឱ្យសប្បុរសធម៌បន្ទាប់ពីគាត់ស្លាប់ទៅ។ តារាសម្តែង និងជាមហាសេដ្ឋីវ័យ ៦៣ឆ្នាំ រូបនេះបានចូលរួមជាមួយ Forbes ក្នុងបញ្ជីតារាសម្តែងដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅលើពិភពលោកជាលើកដំបូងក្នុង ឆ្នាំ២០១៥ ដោយឈរនៅលំដាប់ទី ២៤។ យ៉ាងណាមិញឥឡូវនេះគាត់បានសន្យាថា នឹងបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់គាត់ដែលត្រូវបានគេរាយការណ៍ថាមានចំនួន ៥.៦ពាន់លានដុល្លារហុងកុង (៧១៥លានដុល្លារអាមេរិក) ។
លោក Chow Yun-fat បានប្រាប់សាជីវកម្មផ្សព្វផ្សាយ Munhwa Broadcasting របស់កូរ៉េខាងត្បូងថា៖ «ប្រាក់នេះមិនមែនជាអ្វីដែលយើងមានជារៀងរហូតនោះទេ នៅពេលអ្នកស្លាប់ទៅអ្នកត្រូវតែទុកវាឱ្យអ្នកដទៃដើម្បីប្រើវា» «អ្នកមិនអាចយកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នកតាមជាមួយ បន្ទាប់ពីអ្នកស្លាប់នោះទេ» លោកក៏បានបន្ថែមថា ប្រពន្ធរបស់គាត់បាន «គាំទ្រយ៉ាងពេញទំហឹង» ក្នុងការសម្រេចចិត្តរបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានប៉ាន់ប្រមាណអំពីទ្រព្យសម្បត្តិរបស់គាត់ ដោយពួកគេនិយាយថា គាត់មានទ្រព្យសម្បត្តិរយលានដុល្លារ ប៉ុន្តែលោក Chow ផ្ទាល់ បាននិយាយថា គាត់មិនដឹងថាគាត់មានទ្រព្យសម្បត្តិប៉ុន្មាននោះទេ។
យ៉ាងណាមិញភរិយារបស់គាត់លោកស្រី Jasmine Tan បានរៀបរាប់ពីរបៀបដែលប្តីរបស់គាត់រស់នៅ ដោយជារឿយៗគាត់តែងញ៉ាំអាហារនៅតាមតូបលក់ដូរតាមចិញ្ចើមថ្នល់ធម្មតា ហើយគាត់គឺទើបតែបោះចោលនូវទូរស័ព្ទ Nokia ដ៏កញ្ចាស់ និងជាសំណព្វចិត្តរបស់គាត់ នៅពេលវាបានខូចធ្វើលែងកើតក្រោយពីប្រើប្រាស់អស់ជាច្រើនឆ្នាំមកហើយនោះ។ គួរឱ្យដឹងដែរថាអ្នកជំនួញ មហាសេដ្ឋីជាច្រើនបានចុះហត្ថលេខាលើ «កិច្ចសន្យា» ដែលបានចាប់ផ្តើមដោយលោក Bill Gates និងលោក Warren Buffet ដែលលើកទឹកចិត្តដល់អ្នកមានទ្រព្យធនច្រើនឱ្យបរិច្ចាគទ្រព្យសម្បត្តិរបស់ពួកគេ។
លោក Chow Yun-fat គាត់និយាយថា ខ្ញុំសប្បាយរីករាយណាស់ប្រសិនបើមានម្ហូបអាហារបរិភោគ ពីព្រោះពីមុនពួកយើងក្រីក្រខ្លាំងណាស់… ខ្ញុំនឹងសប្បាយចិត្តប្រសិនជាបានដំឡូងផ្អែម ឬបន្លែបរិភោគគ្រប់គ្រាន់ ហើយខ្ញុំនឹងកាន់តែសប្បាយចិត្តទៀតប្រសិនបើខ្ញុំមានមាន់ និងសាច់ផ្សេងៗ សម្រាប់អបអរក្នុងឆ្នាំថ្មី។ ការលើកឡើងរបស់គាត់អាចឱ្យយើងដឹងយ៉ាងច្បាស់ថា ទោះគាត់ក្លាយជាអ្នកមានដល់កម្រិតណា ក៏គាត់នៅតែមិនភ្លេចនូវកំណើតដើមរបស់គាត់ ហើយគាត់គឺជាមនុស្សម្នាក់ដែលមានចិត្តសប្បុរសគួរឱ្យគោរពទៀតផង៕
អត្ថបទ៖ លីដា
ប្រភព៖ news.yahoo