ឥណ្ឌូនេស៊ីមិនបានទទួលសញ្ញាពីគ្រោះរលកយក្សសូណាមិតាំងពី ឆ្នាំ២០១២ ជាហេតុធ្វើឱ្យគ្មានការជម្លៀសទាន់ពេលវេលា
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) លោក Sutopo Purwo Nugroho បានសរសេរនៅក្នុងបណ្តាញសង្គម Twitter របស់គាត់ថា ពួកគេមិនបានទទួលការព្រមានអ្វីជាសញ្ញាដើម្បីត្រៀមខ្លួនក្នុងការមកដល់នៃរលកយក្សស៊ូណាមិនៅលើឆ្នេរសមុទ្រ Sunda នេះទេ ដោយសារតែអវត្តមាននៃប្រព័ន្ធសម្រាប់ផ្ដល់សញ្ញាពីរលកយក្សសូណាមិនៅតំបន់នោះ។ គាត់បានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីមិនមានប្រព័ន្ធ (buoy system) ដែលជាទូទៅត្រូវបានគេស្គាល់ថា ជាការវាយតម្លៃទឹកសមុទ្រ និងរាយការណ៍អំពីរលកយក្សស៊ូណាមិ (DART) ចាប់តាំងពី ឆ្នាំ២០១២ មកម៉្លេះ។
គាត់បាននិយាយថា ដោយសារមិនមានការព្រមានជាមុនសម្រាប់រលកស៊ូណាមីនៅលើច្រក Sunda កាលពីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាហេតុផលដែលប្រជាជននៅទីនោះមិនបានដឹងពីភាពគ្រោះថ្នាក់របស់វា និងមិនអាចជម្លៀសខ្លួនបានទាន់ពេលវេលា។ ជាការពិតកាលពីខែកញ្ញា រលកយក្សស៊ូណាមិក៏បានសម្លាប់មនុស្សជាង ២,០០០នាក់ផងដែរ នៅកណ្តាលកោះ Sulawesi។ យ៉ាងណាមិញប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក៏បានអំពាវនាវឱ្យមានការមើលឡើងវិញនូវប្រព័ន្ធ (buoys) នេះ ប៉ុន្តែវាហាក់ដូចជាគ្មានការរីកចម្រើនណាមួយត្រូវបានធ្វើឡើងនោះទេ។
យោងតាមភ្នាក់ងារភូគព្ភសាស្ដ្រនៃប្រទេសឥណ្ឌូណេស៊ី Anak Krakatoa បានបង្ហាញពីសញ្ញានៃការផ្ទុះដែលមានសកម្មភាពខ្ពស់អស់ជាច្រើនថ្ងៃមកហើយ ដោយធ្វើឱ្យមានពពកផេះរាប់ពាន់ម៉ែត្រផ្ទុះឡើងទៅលើ។ គួរឱ្យដឹងផងដែរថា ឥណ្ឌូនេស៊ីជាប្រជុំកោះដ៏ធំ និងជាប្រទេសដែលងាយរងគ្រោះបំផុតនៅលើផែនដីយើងនេះ ដោយសារតែទីតាំងរបស់ប្រទេសនេះមានលក្ខណៈជាច្រកប្រសព្វហៅថា Pacific Ring of Fire ដែលជាកន្លែង tectonic plates ប៉ះគ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ coconuts