ចំនួនអ្នកស្លាប់កើនដល់ ៤២៩នាក់ ខណៈប្រជាជននៅតែមានភាពភ័យខ្លាចក្នុងការមកដល់នៃរលកយក្សស៊ូណាមីជាលើក ទី២
កម្មវិធីបុណ្យណូអែលតូចមួយត្រូវបានគេប្រារព្ធឡើងនៅក្បែរឆ្នេរសមុទ្រដែលទើបតែមានរលកយក្សស៊ូណាមីកាលពីថ្ងៃអង្គារ ទី២៥ ខែធ្នូ ខណៈពេលដែលអ្នកស្រុកនៅតែមានភាពភ័យខ្លាច និងព្យាយាមគេចខ្លួនបន្ទាប់ពីមានពាក្យចចាមអារាមថា រលកយក្សមួយទៀតហៀបនឹងលុកចូលមកឆ្នេរសមុទ្រនេះម្តងទៀត។ មកទល់ពេលនេះចំនួនអ្នកស្លាប់ចុងក្រោយគឺ ៤២៩នាក់ របួស ១,៤៨៥នាក់ និង ១៥៤នាក់ទៀតកំពុងបាត់ខ្លួន។
វេជ្ជបណ្ឌិត Rizal Alimin ដែលធ្វើការនៅអង្គការ Aksi Cepat Tanggap បានឱ្យដឹងថា ក្មេងៗជាច្រើនមានជំងឺគ្រុនក្តៅ និងឈឺក្បាល ហើយពួកគេមិនមានទឹកគ្រប់គ្រាន់នោះទេ។ ចំណែកសាលារៀនក្នុងស្រុកត្រូវបានប្រែក្លាយជាទីជំរកបណ្តោះអាសន្នសម្រាប់ជនរងគ្រោះទាំងនោះ។ គាត់ក៏បានបន្ថែមដែរថា៖ «ពួកយើងមានថ្នាំតិចតួច … វាមិនអាចឱ្យមានផាសុកល្អសម្រាប់ជនជម្លៀសខ្លួននៅទីនេះបានទេ។ ព្យុះស៊ូណាមីដ៏ខ្លាំងក្លានេះបានវាយប្រហារនៅពេលយប់ និងដោយគ្មានការព្រមានពីរលកយក្សនេះមកកាន់អ្នកកោះស៊ូម៉ាត្រា និងឆ្នេរសមុទ្រខាងលិចនៃកោះចាវ៉ានោះទេ ហើយវាបានវាយលុកសណ្ឋាគារទេសចរណ៍ និងការតាំងទីលំនៅមាត់សមុទ្រទាំងអស់។
គួរឱ្យដឹងផងដែរថា រលកយក្សស៊ូណាមី គឺជាគ្រោះមហន្តរាយធម្មជាតិធំ ទី៣ របស់ឥណ្ឌូនេស៊ីក្នុងរយៈពេល ៦ខែ បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លានៅលើកោះ Lombok (ក្នុងខែកក្កដា និងសីហា) និងរលកយក្សស៊ូណាមីក្នុង ខែកញ្ញា ដែលបានសម្លាប់មនុស្សប្រមាណ ២,២០០នាក់ នៅទីក្រុង Palu នៅលើកោះ Sulawesi ។ ហើយក៏តិចជាងមួយសប្តាហ៍មុនចូលមកដល់នៃខួបលើក ទី១៤ នៃ «ការរញ្ជួយដី និងរលកស៊ូណាមីរបស់មហាសមុទ្រឥណ្ឌា» ដែលគេហៅថា «Boxing Day tsunami» កាលពី ឆ្នាំ២០០៤ ហើយវាជាគ្រោះមហន្តរាយមួយក្នុងប្រវត្តិសាស្រ្តដែលបានសម្លាប់មនុស្សប្រមាណ ២២០,០០០នាក់ នៅក្នុងបណ្តាប្រទេសនៅជុំវិញមហាសមុទ្រឥណ្ឌា ដែលក្នុងនោះមានប្រជាជនឥណ្ឌូណេស៊ី ១៦៨,០០០នាក់បានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia