ខ្សែភាពយន្តទាក់ទិននឹងការជួយសង្គ្រោះក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ ក្នុងរូងភ្នំ Tham Luang នឹងត្រូវចេញផ្សាយក្នុង ឆ្នាំ២០១៩
ការជួយសង្គ្រោះកុមារា ១២នាក់ និងគ្រូបង្វឹកម្នាក់ រូងភ្នំ Tham Luang របស់ប្រទេសថៃពេលនេះបានលេចចេញជាខ្សែភាពយន្តហើយ។ ដែលខ្សែភាពយន្តនេះពាក់ព័ន្ធនឹងការស្វែងរកយ៉ាងវេទនា អ្នកស្ម័គ្រចិត្តដែលមិនគិតតែពីជិវិតខ្លួនឯង ការជួយសង្គ្រោះដ៏អស្ចារ្យ និងក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ ដែលប្តេជ្ញាថានឹងត្រូវតែនៅរស់រានមានជីវិត។ ខ្សែភាពយន្តជាច្រើនដែលទាក់ទិននឹងការជួយសង្គ្រោះត្រូវបានគេគ្រោងទុក ប៉ុន្តែការថតខ្សែភាពយន្តដំបូងនេះវិញគឺមានចំណងជើងថា The Cave «គុហា» ដោយអ្នកដឹកនាំរឿងសញ្ជាតិ ថៃ-អៀរឡង់ លោក Tom Waller។
លោក Tom Waller មានប្រសាសន៍ប្រាប់ BBC ថា គឺដូចមនុស្សគ្រប់រូបនៅលើភពផែនដីនេះដែរ ខ្ញុំបានតាមដានរាល់ព័ត៌មាននៃការសង្គ្រោះនេះដោយមានការរំពឹងទុកខ្ពស់។ ខ្ញុំបានដឹងថា ក្នុងនាមជាអ្នកផលិតខ្សែភាពយន្តថៃ ខ្ញុំគឺស្ថិតនៅក្នុងតំណែងពិសេសមួយ ដើម្បីប្រាប់រឿងរ៉ាវនេះទៅកាន់ពិភពលោក។ គាត់បាននិយាយថា សាច់រឿង The Cave «គុហា» នេះផ្តោតលើស្មារតីអ្នកស្ម័គ្រចិត្ត និងរឿងផ្ទាល់ខ្លួនរបស់អ្នកដែលជាប់ពាក់ព័ន្ធក្នុងបេសកកម្ម ហើយនឹងត្រូវបានដាក់បញ្ចូលក្នុងការនិទានរឿងថៃ។
លោក Tom Waller ដែលការងារមុនរបស់គាត់រួមមានរឿង The Last Executioner បាននិយាយថា អ្នកចូលរួមជាង ១០នាក់ ពីការជួយសង្គ្រោះក្នុងរូងភ្នំនេះ បានយល់ព្រមចូលរួម និងចូលសម្តែងផ្ទាល់ដោយខ្លួនឯង។ លោកបានបន្តថា មនុស្សគ្រប់រូបមានចំណាប់អារម្មណ៍ខ្លាំងចំពោះរឿងនេះ ហើយគ្មានការ (រៀន) សម្ដែងណាមួយចាំបាច់ សម្រាប់អ្នកសង្គ្រោះពិតទាំងនេះទេ វាដូចជាការត្រលប់មករូងភ្នំ Tham Luang សារជាថ្មីម្តងទៀតសម្រាប់អ្នកសង្គ្រោះពិតទាំងនោះ។ ក្រុមអ្នកជួយសង្គ្រោះដែលនឹងចូលរួមមាន៖ ជនជាតិបែលហ្ស៊ិកលោក Jim Warny, ជនជាតិកាណាដាលោក Erik Brown និង លោក Tan Xiaolong មកពីប្រទេសចិន។
យ៉ាងណាមិញក្រុមរបស់លោក Tom Waller ក៏បានស្នើសុំការអនុញ្ញាតឱ្យមានក្មេងប្រុស The Cave «គុហា» ទាំង ១២នាក់ ចូលសម្តែងនៅក្នុងខ្សែភាពយន្តនេះដែរ ប៉ុន្តែពួកគាត់កំពុងរង់ចាំការសម្រេចចិត្តពីក្រសួងវប្បធម៌ថៃ។ រដ្ឋាភិបាលថៃមានការការពារក្មេងប្រុសទាំងនេះយ៉ាងតឹងរុឹង ហើយការសម្ភាសន៍ទាំងអស់ជាមួយពួកគេនឹងត្រូវការការយល់ព្រមពីគណៈកម្មាធិការរដ្ឋាភិបាល។ តារាសម្តែងជើងចាស់ Nirut Sirijanya ដែលត្រូវបានគេស្គាល់ជាអន្តរជាតិថា ជាតួអង្គក្នុងខ្សែភាពយន្ត The Hangover Part II ក៏ជាផ្នែកមួយនៃខ្សែភាពយន្តនេះ បើទោះបីជាលោក Tom Waller កំពុងលាក់តួនាទីរបស់គាត់ជាអាថ៌កំបាំងក៏ដោយ។ ខ្សែភាពយន្តនេះ នឹងចេញផ្សាយនៅចំថ្ងៃខួបគម្រប់ ១ឆ្នាំ នៃការជួយសង្គ្រោះ នៅ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ៕







អត្ថបទ៖ លីដា
ប្រភព៖ bbc