ស្បែកត្រី ត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលការរលាកបែបទំនើបដោយមិនមានការឈឺចាប់
អ្នកវិទ្យាសាស្រ្តម្នាក់បាននិយាយថា ការប្រើប្រាស់ស្បែកត្រីដើម្បីព្យាបាលការរលាកអាចមានតម្លៃថោក និងមិនសូវឈឺចាប់ដូចការរុំបង់រុំឡើយ។ យោងតាមលោក Felipe Rocha គ្រូពេទ្យសរសៃប្រសាទនៅសាកលវិទ្យាល័យសហព័ន្ធ Ceará ក្នុងប្រទេសប្រេស៊ីលបានឱ្យដឹងថា ក្មេងៗពេញចិត្តនឹងស្បែកត្រីដែលធ្វើឱ្យពួកគេមានរូបរាងដូចវីរបុរស Aquaman នៅពេលដែលគេព្យាបាលរបួសរលាកនេះ។ ស្បែកត្រី Tilapia កំពុងត្រូវបានប្រើកាន់តែខ្លាំងឡើងទៅលើការរលាក ដោយសារតែវាមានជាតិសំណើម និង collagen ដែលស្រដៀងនឹងប្រូតេអ៊ីន ដែលត្រូវបានរកឃើញនៅក្នុងស្បែករបស់មនុស្ស។ ការព្យាបាលបែបនេះត្រូវបានគេគិតថា វាជាការធ្វើអន្តរកម្មជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺដើម្បីបង្កើនល្បឿននៃការព្យាបាល។
អ្នកជំងឺជាង ៣០០នាក់ នៅទូទាំងពិភពលោក កំពុងបានទទួលការព្យាបាលទទួលការព្យាបាលបែបចម្លែកមួយនេះ ហើយទោះបីជាអ្នកជំងឺជាច្រើនអាចស្ទាក់ស្ទើរក្នុងការមានស្បែកត្រីរុំជុំវិញការរលាករបស់ពួកគេ ប៉ុន្តែចំនួនកុមារកាន់តែច្រើនឡើងៗកំពុងសម្រុកទៅមន្ទីរពេទ្យដើម្បីស្នើសុំការបង់រុំស្បែកត្រីនេះ។ ជាការពិត ស្បែកត្រី tilapia នឹងត្រូវទទួលការបាញ់កាំរស្មីដើម្បីសម្លាប់វីរុស ហើយត្រូវបានរក្សាទុករហូតដល់ពីរឆ្នាំក្នុងទូទឹកកក មុនពេលវាត្រូវបានយកមកកាត់ និងដាក់ទៅលើរបួសរលាកជំនួសឱ្យការបង់រុំ។ បន្ទាប់មកស្បែកត្រីនេះនឹងត្រូវបានគេបកចេញបន្ទាប់ពីមួយសប្តាហ៍ និងដោយមិនចាំបាច់មានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃដូចការបង់រុំធម្មតាឡើយ។
យ៉ាងណាមិញស្បែកត្រី Tilipia ត្រូវបានគេបង្ហាញថា មានភាពធន់ទ្រាំជាងស្បែកជ្រូក ដែលត្រូវបានគេយកមកជំនួសឱ្យការបង់រុំពីមុនមក ហើយការវះកាត់របស់វាមានភាពរហ័សជាងមុន ដោយអ្នកជំងឺនិយាយថា ពួកគេមានការឈឺចាប់តិចជាងមុន។ គំនិតនេះត្រូវបានចេញជាលើកដំបូងមកពីគ្រូពេទ្យវះកាត់កែសម្ផស្សប្រេស៊ីល លោកវេជ្ជបណ្ឌិត Marcelo Borges បន្ទាប់ពីគាត់បានអានអំពីការប្រើស្បែកត្រី tilapia ដើម្បីធ្វើជាកាបូប ខ្សែក្រវ៉ាត់ និងស្បែកជើង ទើបក្រោយមកគំនិតនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ៕


អត្ថបទ៖ លីដា
ប្រភព៖ med.news