ឥណ្ឌូនេស៊ីបានប្តូរឡើងវិញ រាល់ជើងហោះហើរទាំងអស់ជុំវិញភ្នំភ្លើង Anak Krakatau ដែលកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន
ប្រទេសឥណ្ឌូណេស៊ីក្នុងថ្ងៃព្រហស្បតិ៍នេះ បានកែជាថ្មីឡើងវិញរាល់ជើងហោះហើរទាំងអស់ដែលត្រូវឆ្លងកាត់ជុំវិញផ្ទុះភ្នំភ្លើង Anak Krakatau រវាងកោះជ្វា និងកោះស៊ូម៉ាត្រា ខណៈដែលភ្នំភ្លើងនេះបានផ្ទុះឡើងនូវពពកផេះទៅលើអាកាសជាច្រើនថ្ងៃមកហើយ ក្រោយពីភ្នំភ្លើងនេះបានបង្កឱ្យមានរលកយក្សស៊ូណាមីកាលពីចុងសប្តាហ៍មុន។ ការបាក់ដីរបស់ភ្នំភ្លើង Anak Krakatau កាលពីថ្ងៃសៅរ៍ បានបង្កឱ្យមានរលកយក្សស៊ូណាមីកម្ពស់ ៥ម៉ែត្រ បក់បោកទៅលើឆ្នេរសមុទ្រ Sunda និងបានសម្លាប់មនុស្សជាង ៤០០នាក់ និងរបួសជាង ១០០០នាក់។
ទីភ្នាក់ងារអាកាសចរណ៍ AirNav របស់រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ការហោះហើរទាំងអស់ត្រូវបានប្តូរឡើងវិញ ដោយសារតែការផ្ទុះនៃពពកផេះទៅលើអាកាសរបស់ភ្នំភ្លើង Anak Krakatau ស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន»។ នៅថ្ងៃព្រហស្បតិ៍នេះអាជ្ញាធរបានលើកកម្ពស់ការប្រុងប្រយ័ត្ន ដោយសារការបន្ទុះភ្នំភ្លើងនេះឡើងដល់កម្រិតខ្ពស់បំផុត ទី២ និងនាំឱ្យមានការហាមឃាត់ ៥គីឡូម៉ែត្រ នៅជុំវិញតំបន់នោះ៕
អត្ថបទ៖ លីដា
ប្រភព៖ reuters