ដាក់ថ្នាំសម្លាប់ប្រពន្ធចុងខ្លួនឯងរួចហើយ Update Facebook នាងរាល់ថ្ងៃ ដើម្បីបញ្ឆោតភ្នែកប៉ូលីស និងគ្រួសាររបស់នាង
វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Dharmendra Pratap Singh ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការស្លាប់របស់អតីតប្រពន្ធនាង Rakhi Srivastava បន្ទាប់ពីវេជ្ជបណ្ឌិតរូបនេះត្រូវបានចោទប្រកាន់ថា បានអូស ហើយរុញនាងចុះចូលទៅក្នុងទន្លេមួយ។ យោងទៅតាមប៉ូលីសបានអោយដឹងថា លោក Singh បានសារភាពថា បានជួបជាមួយអ្នកស្រី Srivastava ដែលជាអតីតភរិយា បន្ទាប់មកគេបានដាក់ថ្នាំចូលភេសជ្ជៈឱ្យមកនាងផឹក ហើយក៏រុញនាងពីច្រាំងទន្លេមួយ នៅទីក្រុង Pokhara ប្រទេសនេប៉ាល់ កាលពីថ្ងៃ ទី៣ ខែមិថុនា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឱ្យដឹងថា អ្នកស្រី Rakhi Srivastava ដែលរស់នៅក្នុងតំបន់ Shahpur រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ត្រូវបានបងប្រុសបង្កើតរបស់គាត់រាយការណ៍មកកាន់មន្ត្រីប៉ូលីសពីការបាត់ខ្លួនរបស់គាត់ ហើយពួកគេជឿថាឈ្មោះ Dharmendra Pratap Singh ដែលជាប្តី ទី២ របស់នាង គឺជាអ្នកចាប់ពង្រត់គាត់។ យ៉ាងណាក៏ដោយកាលពីថ្ងៃសៅរ៍ ប៉ូលិសបានចាប់ផ្តើមពិនិត្យមើលឡើងវិញនូវការហៅទូរស័ព្ទរបស់លោក Singh និងបានចាប់ខ្លួនជនសមគំនិត ២នាក់ ផ្សេងទៀតគឺ Pramod Kumar Singh និង Deshdeepak Nishad។
ប៉ូលីសបាននិយាយថា ជនល្មើស Dharmendra Pratap Singh នេះ តែងតែ update Facebook របស់អ្នកស្រី Srivastava ដែលជាអតីតភរិយា ពីទូរស័ព្ទដៃនាងផ្ទាល់រយៈពេលជាច្រើនខែបន្ទាប់ពីការស្លាប់របស់នាង ក្នុងការប៉ុនប៉ងបញ្ឆោតភ្នែកប៉ូលីស និងគ្រួសាររបស់នាង។ ប៉ុន្តែក្រោយមកទូរស័ព្ទរបស់នាងត្រូវបានគេរកឃើញនៅខែតុលា ដែលប៉ូលីសបាននិយាយថា វាត្រូវបានគេតាមដានឃើញទៅទីក្រុង Guwahati ដែលមានចំងាយប្រហែល ១,២៤៧ម៉ាយ ពីរដ្ឋ Uttar Pradesh ដែលនាងធ្លាប់រស់នៅ។ យ៉ាងណាមិញជនល្មើស Dharmendra Pratap Singh ត្រូវបានគេឱ្យដឹងថា បានលួចរៀបការលួចលាក់ជាមួយនាង Rakhi Srivastava កាលពី ឆ្នាំ២០១១ ហើយក្រោយមកប្រពន្ធដើមក៏បានដឹងរឿងរបស់ពួកគេទាំង២ ក្រោយមកពួកគេទាំង២ក៏បានបែកគ្នា។ រឿងមូលហេតុដែលនាំឱ្យគាត់សម្លាប់ប្រពន្ធចុងនាង Rakhi Srivastava នៅមិនទាន់មានរបាយការណ៍ច្បាស់ការណាមួយអាចបញ្ជាក់បាននៅឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ dailymail