យន្តហោះចម្បាំងរុស្ស៊ីមួយបានធ្លាក់ចូលទៅក្នុងអគារកម្ពស់ ៩ជាន់ នៅតំបន់ Krasnodar របស់រុស្ស៊ី ដែលបានឆក់យកជីវិតមនុស្សចំនួន ៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស (មានវីដេអូ)
- BY
- autoadmin
- October 18, 2022
យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែងមួយកន្លែងនៅតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់។ មន្ត្រីក្នុងតំបន់បាននិយាយថា អគារលំនៅដ្ឋានកម្ពស់ ៩ជាន់ នៅក្នុងទីក្រុង Yeysk ត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើង ដែលបណ្ដាលឱ្យអ្នកស្រុកចំនួន ៤នាក់ បានស្លាប់ និងប្រហែល ២០ នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ម៉ាស៊ីនរបស់យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 បានឆេះ ហើយបានធ្លាក់ចុះក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ នេះបើតាមសម្ដីអ្នកបើកយន្តហោះដែលបានចេញពីយន្តហោះ។

គួរឱ្យដឹងដែរថា Yeysk គឺជាទីក្រុងកំពង់ផែមួយនៅលើសមុទ្រ Azov ខណៈទីក្រុង Mariupol របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយរុស្ស៊ី មានទីតាំងនៅច្រាំងទល់មុខគ្នា។ ការិយាល័យប្រធានាធិបតីរុស្ស៊ីបាននិយាយថា ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានណែនាំដល់រដ្ឋមន្ត្រីរបស់គាត់ឱ្យហោះហើរទៅកាន់កន្លែងគ្រោះថ្នាក់នេះ ដើម្បីផ្តល់ជំនួយចាំបាច់ដល់ជនរងគ្រោះ។ ឥឡូវនេះ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីកំពុងពិនិត្យមើលឧប្បត្តិហេតុនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ វ៉ាស៊ីនតោនប៉ុស្ដិ៍
- Share This Post:






