អាមេរិកសម្រេចចោទប្រកាន់ពលរដ្ឋចិន ២នាក់ថា ជាមន្ត្រីចារកម្មចិនដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុន Huawei
អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកសម្រេចោទប្រកាន់ពលរដ្ឋចិនចំនួន ២នាក់ថាជាមន្ត្រីចារកម្មចិន ដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei។ ការសម្រេចចោទប្រកាន់នេះត្រូវបានធ្វើឡើងតបតាមការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ដែលបានរកថាឃើញថា ពលរដ្ឋចិនទាំង ២រូបនេះ បានព្យាយាមលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅក្រុមហ៊ុន Huawei ខណៈពួកគាត់គឺជាពលរដ្ឋចិនដែលបានសិទ្ធរស់នៅនិងធ្វើការងារដោយស្របច្បាប់នៅលើដឹកដីអាមេរិក។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលានេះបានឲ្យដឹងថា ពលរដ្ឋចិនទាំង ២រូបនោះគឺមានម្នាក់ឈ្មោះ Guochun Heនិងម្នាក់ទៀតមានឈ្មោះថា Zheng Wang ហើយពួកគេទាំង ២នាក់ត្រូវបានគេជឿថា បានទទួលប្រាក់សំណូកយ៉ាងច្រើនពីក្រុមហ៊ុន Huawei សម្រាប់កិច្ចការចារកម្ម ខណៈអាជ្ញាធរអាមរិកបានអះអាងថាការប៉ុនប៉ងលួចយកការសម្ងាត់ទាំងអស់នោះនៅមិនទាន់ទទួលបានជោគជ័យនៅឡើយទេ។
បើតាមលោក Merrick Garland ដែលជាអគ្គមេធាវីអាមេរិក និងលោក Christopher Wray ដែលជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានបរិហារចំៗថា រដ្ឋាភិបាលចិនបានជ្រៀតជ្រែកចូលក្នុងប្រព័ន្ធតុលាការអាមេរិក លួចបច្ចេកវិទ្យា និងគំរាមគំហែងពលរដ្ឋចិនដែលធ្វើចំណាកស្រុកទៅរស់នៅសហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលអាមេរិកនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីការពារសិទ្ធសេរីភាពចំពោះពលរដ្ឋគ្រប់រូប ដែលទទួលបានសិទ្ធមករស់នៅសហរដ្ឋអាមេរិក មិនថាពួកគេមានដើមកំណើតមកពីប្រទេសចិនឬប្រទេសណានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times