ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុនរថយន្ត Ford ក្លាយជាក្រុមហ៊ុនថ្មីចុងក្រោយបង្អស់ ដែលប្រកាសថានឹងចាកចេញពីប្រទេសរុស្ស៊ី

    BY Khmernote Media October 27, 2022
    ក្រុមហ៊ុនរថយន្ត Ford ក្លាយជាក្រុមហ៊ុនថ្មីចុងក្រោយបង្អស់ ដែលប្រកាសថានឹងចាកចេញពីប្រទេសរុស្ស៊ី

    ក្រុមហ៊ុន​រថយន្ត Ford Motor របស់​សហរដ្ឋ​អាមេរិក ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោកថ្មី​ចុងក្រោយ​បង្អស់​ ដែលប្រកាសការចាកចេញ​ពី​ប្រទេស​រុស្ស៊ី​ បន្ទាប់​ពី​ការ​លុកលុយ​របស់​ទីក្រុង​ម៉ូស្គូ​មក​លើ​អ៊ុយក្រែន។ ក្រុមហ៊ុន Ford បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានលក់ភាគហ៊ុនចំនួន ៤៩% របស់ខ្លួន នៅក្នុងការបណ្តាក់ទុនរួមគ្នាក្នុងស្រុកមួយ ទៅតាមតម្លៃចុះនៅលើប័ណ្ណ (nominal value)។ ជម្រាបដែរថា ប្រតិបត្តិការទាំងអស់នៅក្រុមហ៊ុនត្រូវបានផ្អាកចាប់តាំងពីខែមីនា ប៉ុន្តែក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងរក្សាជម្រើសក្នុងការទិញភាគហ៊ុនឡើងវិញ ក្នុងរយៈពេល ៥ឆ្នាំ ប្រសិនបើស្ថានភាពពិភពលោកផ្លាស់ប្តូរ។

    មុននេះ ក្រុមហ៊ុនរថយន្ត Mercedes-Benz ក៏​បានប្រកាសថា នឹង​ដក​ខ្លួន​ចេញ​ពី​ប្រទេស​រុស្ស៊ី​ផងដែរ។ ទាំង Mercedes-Benz និង Ford សុទ្ធតែដើរតាមគន្លងរបស់ Volkswagen, Toyota, Nissan និង Renault ក្នុងការចាកចេញពីប្រទេសរុស្ស៊ី។ យ៉ាងណា ក្រុមហ៊ុនផលិតរថយន្តដូចជា Mazda និង Hyundai/Kia នៅតែដំណើរការនៅរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនទាំង ២នេះ ក៏ត្រូវបានគេនិយាយថា កំពុងព្យាយាមចាកចេញពីប្រទេសនេះផងដែរ។ វា​ជា​ថ្ងៃ​ដ៏​មមាញឹក​សម្រាប់​ក្រុមហ៊ុន Ford ដែល​មុន​នេះ ទើបតែ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ​ខ្លួន​នឹង​ឈប់ផលិតម៉ូដែល Fiesta ដែល​ជាម៉ូដែលពេញ​និយម​ជុំវិញ​ពិភពលោក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Yahoo

    Share This Post: