គ្រូពេទ្យធ្លាប់ប្រាប់ឱ្យម្តាយឪពុកបោះបង់ពួកគេចោល ប៉ុន្តែដោយការតស៊ូរស់រានបន្ត ពេលនេះពួកគេបានរួចផុតពីសុបិនអាក្រក់នេះ
វាពិតជារឿងដ៏គួរឱ្យភ័យខ្លាចដែលកូនភ្លោះ Zainab និង Jannat Rahman បានធ្លាប់ជួបប្រទះនៅពេលដែលពួកគេទើបនឹងបានកើត ដោយពួកគេកើតមកមានទ្រូង និងថ្លើម ជាប់គ្នា។ គ្រានោះក្រុមវេជ្ជបណ្ឌិតបានប្រាប់ឪពុកម្តាយរបស់ពួកគេថា គួរពិចារណាបោះបង់កូនភ្លោះដែលជាប់គ្នានេះ ដោយសារវាគឺជាឱកាសមួយក្នុងមួយលានប្រសិនជាទុកឱ្យពួកគេរស់រានមានជីវិតបន្ត។ យ៉ាងណាក៏ដោយពេលនេះកូនភ្លោះមួយគូនេះបានជំនះនឹងភាពគ្រោះថ្នាក់ទាំងនេះ ដោយពេលនេះពួកគេកំពុងតែប្រារព្ធខួបកំណើត ទី១៦ របស់ពួកគេយ៉ាងសប្បាយរីករាយ។
កូនភ្លោះមួយគូនេះមានម្តាយឈ្មោះថា Nipa អាយុ ៣៦ឆ្នាំ ជាគិលានុបដ្ឋាយិកា និងឪពុកឈ្មោះ Luther អាយុ ៤២ឆ្នាំ ជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម។ ម្តាយឪពុករបស់ពួកគេបាននិយាយថា៖ «អ្វីៗដែលពួកយើងបានឆ្លងកាត់ពីមុនប្រៀបដូចជាសុបិន្តអាក្រក់ដែលរសាត់ឆ្ងាយពីពួកយើងនាពេលនេះ។ ពេលនោះខ្ញុំមិនហ៊ានស្រមៃថាអាចមានថ្ងៃនេះទេ»។ យ៉ាងណាមិញក្មេងស្រីទាំងពីរត្រូវបានគេបំបែកចេញពីគ្នាកាលពីពួកគេមានអាយុ ៦ សប្តាហ៍ ដោយមានការវះកាត់រយៈពេល ៤ ម៉ោងកន្លះ រួមជាមួយក្រុមវះកាត់ដែលមានគ្នា ២០នាក់ នៅមន្ទីរពេទ្យ Great Ormond Street ។ ម្តាយឪពុករបស់ពួកគេពេលនេះ គឺពិតជាមានមោទនភាពណាស់ចំពោះការតស៊ូរស់រានរបស់កូនភ្លោះនេះ ហើយពួកគេកាត់តែជាកម្លាំងចិត្តសម្រាប់អ្នកទាំងពីរថែមទៀត។
ក្រោយមានជិវិតរួចផុតពីគ្រោះថ្នាក់ប្រកបដោយភាពសប្បាយរីករាយ Zainab មានសង្ឃឹមថា នាងនឹងទៅរៀនថ្នាក់មហាវិទ្យាល័យនៅ Cambridge ក្នុងបំណងចង់ក្លាយជាគ្រូពេទ្យនៅ Great Ormond Street (មន្ទីរពេទ្យដែលធ្លាប់បានជួយជីវិតពួកគេ) ។ ចំណែក Jannat ដែលកំពុងសិក្សាភាសាចំនួនបី មានគម្រោងទៅសិក្សានៅ Oxford ដោយសង្ឃឹមថា នាងនឹងក្លាយជាមេធាវីនៅថ្ងៃអនាគត៕






អត្ថបទ៖ លីដា
ប្រភព៖ dailymail