ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    FDA របស់ប្រទេសថៃ បានព្រមានឱ្យមានការប្រុងប្រយ័ត្នលើអាហារសមុទ្រមកពីចិន បន្ទាប់ពីរកឃើញមានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មលើសកម្រិត

    BY autoadmin November 3, 2022
    FDA របស់ប្រទេសថៃ បានព្រមានឱ្យមានការប្រុងប្រយ័ត្នលើអាហារសមុទ្រមកពីចិន បន្ទាប់ពីរកឃើញមានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មលើសកម្រិត

    រដ្ឋបាលចំណីអាហារ និងឱសថនៃប្រទេសថៃ (FDA) បានព្រមានប្រជាជនរបស់ខ្លួន ឱ្យពិនិត្យមើលកញ្ចប់អាហារសមុទ្រដោយប្រុងប្រយ័ត្ន បន្ទាប់ពីមឹកដែលនាំចូលពីប្រទេសចិនត្រូវបានរកឃើញថា មានផ្ទុកសារធាតុកាត់​មី​ញ៉ូ​ម (Cadmium) លើសពីស្តង់ដារសុវត្ថិភាព។ សេចក្តីប្រកាសរបស់ FDA បានធ្វើឡើងកាលពីថ្ងៃពុធ បន្ទាប់ពីការត្រួតពិនិត្យដោយចៃដន្យនៅប៉ុស្តិ៍ត្រួតពិនិត្យអាហារ និងឱសថ Lat Krabang ក្នុងខែឧសភាឆ្នាំនេះ។ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្រ្តបានរកឃើញកញ្ចប់នៃមឹកកកដែលនាំចូលពីប្រទេសចិន មានផ្ទុកសារធាតុកាត់​មី​ញ៉ូ​មប្រមាណ ៣.២៧ មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដារសុវត្ថិភាពដែលតម្រូវឱ្យមានតិចជាង ២ មីលីក្រាម ក្នុងមួយគីឡូក្រាម។

    FDA បាននិយាយថា អាហារសមុទ្រនេះត្រូវបានផលិតដោយក្រុមហ៊ុន Fujian Minwell Food Industrial Ltd នៅក្នុងប្រទេសចិន ហើយត្រូវបាននាំចូលដោយក្រុមហ៊ុន M Global Sourcing ដែលមានមូលដ្ឋាននៅក្នុងខេត្ត Samut Sakhon របស់ប្រទេសថៃ។ កញ្ចប់មឹក ​១ ​គីឡូក្រាម ដែលមានបញ្ហាមួយនោះ​ ផលិត​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​នេះ ហើយ​មាន​កាល​បរិច្ឆេទ​ផុត​កំណត់​ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៤ នេះបើយោង​តាម FDA។ ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនបានធ្វើការចោទប្រកាន់លើអ្នកនាំចូលពីបទបំពានច្បាប់ចំណីអាហារឆ្នាំ១៩៧៩ ដែលចែងថា ការនាំចូលអាហារដែលមានមេរោគសម្រាប់លក់ នឹងត្រូវផាកពិន័យជាអតិបរមា ៥០,០០០ បាត (១,៣២១ដុល្លារ) ឬដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ឬទាំងពីរ។ FDA បានព្រមានប្រជាជនឱ្យពិនិត្យមើលកញ្ចប់អាហារសមុទ្រកក និងជៀសវាងការទិញផលិតផល ដែលផលិតដោយក្រុមហ៊ុនចិន។

    គួរឱ្យដឹងដែរថា សារធាតុកាត់​មី​ញ៉ូ​ម គឺជាធាតុគីមីដែលអាចបង្កឱ្យមានការពុលស្រួចស្រាវ ឬរ៉ាំរ៉ៃ ប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើនពេកតាមរយៈអាហារ នេះបើយោងតាមវិទ្យាស្ថានអាហារជាតិរបស់ថៃ។ រោគសញ្ញានៃការពុលស្រួចស្រាវរួមមាន៖ ចង្អោរ ក្អួត រាគ ឈឺក្បាល ឈឺសាច់ដុំ ឈឺពោះ ញាក់ ឬខូចថ្លើម និងតម្រងនោម។ រោគសញ្ញារ៉ាំរ៉ៃរួមមាន៖ បាត់បង់ក្លិន ស្រកទម្ងន់ ស្លេកស្លាំង ពិបាកដកដង្ហើម ធ្មេញលឿង ឬខូចថ្លើម និងតម្រងនោម៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Nation Thailand

    Share This Post: