Twitter ត្រូវបានគេដាក់បណ្ដឹងទៅតុលាការសហព័ន្ធ ជុំវិញផែនការកាត់បន្ថយបុគ្គលិករបស់លោកមហាសេដ្ឋី Elon Musk
Twitter Inc ត្រូវបានគេដាក់បណ្ដឹងជុំវិញផែនការរបស់លោក Elon Musk នៅក្នុងគម្រោងកាត់បន្ថយបុគ្គលិកប្រហែល ៣,៧០០ នាក់ ដែលស្មើនឹងពាក់កណ្តាលនៃកម្លាំងពលកម្មសរុបរបស់ខ្លួន ហើយបុគ្គលិករបស់ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនកំពុងអនុវត្តគម្រោងដោយគ្មានការជូនដំណឹងគ្រប់គ្រាន់ដល់បុគ្គលិក ដែលជាការរំលោភលើច្បាប់សហព័ន្ធ និងរដ្ឋកាលីហ្វ័រញ៉ា។ បណ្ដឹងនេះត្រូវបានដាក់កាលពីថ្ងៃព្រហស្បតិ៍ នៅកាន់តុលាការសហព័ន្ធទីក្រុង San Francisco។

ក្រុមហ៊ុន Twitter គ្រោងនឹងចាប់ផ្តើមកាត់បន្ថយបុគ្គលិកនៅថ្ងៃសុក្រនេះ ក្រុមហ៊ុនក៏បាននិយាយនៅក្នុងអ៊ីមែលទៅកាន់បុគ្គលិកផងដែរ។ អ្នកដែលដឹងអំពីបញ្ហានេះបាននិយាយថា លោក Musk បានប្តេជ្ញាកាត់បន្ថយការចំណាយលើបណ្ដាញ Twitter ដែលគាត់បានទិញក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីខែមុន។ ច្បាប់ស្តីពីការកែសម្រួល និងការជូនដំណឹងស្តីពីការបណ្តុះបណ្តាលបុគ្គលិករបស់សហព័ន្ធ ដាក់កម្រិតលើក្រុមហ៊ុនធំៗពីការបញ្ឈប់បុគ្គលិកដោយគ្មានការជូនដំណឹងជាមុនយ៉ាងហោចណាស់ ៦០ថ្ងៃ។ យ៉ាងណា Twitter មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia