អ៊ុយក្រែនកំពុងស្វែងរកថវិកាសម្រាប់ទិញយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី
- BY
- autoadmin
- November 12, 2022
ប្រធានាធិបតីលោក Volodymyr Zelenskyy កំពុងស្វែងរកការរៃអង្គាសថវិកា ដើម្បីជួយអ៊ុយក្រែនក្នុងការបញ្ជាទិញយន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីការពារទីក្រុងរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ីចេញពីសមុទ្រខ្មៅ។ យុទ្ធនាការ United24 ដែលជាគំនិតផ្តួចផ្តើមរបស់លោក Zelenskyy ត្រូវបានបង្កើតឡើងសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈ។ អ៊ុយក្រែនត្រូវការយន្តហោះគ្មានមនុស្សបើកចំនួន ១០០ គ្រឿង ដែលនីមួយៗមានតម្លៃ ១០ លាន Hryvnia ឬ ២៧៤,០០០ ដុល្លារអាមេរិក។

ចាប់តាំងពីចាប់ផ្តើមការលុកលុយ ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលពីកប៉ាល់នៅសមុទ្រខ្មៅ និងពីឧបទ្វីបគ្រីមៀ ដែលទីក្រុងម៉ូស្គូបានរឹបអូសក្នុងឆ្នាំ២០១៤ ហើយបានដាក់វាជាទីតាំងកងនាវាចរសមុទ្រខ្មៅនៅទីនោះ។ លោក Zelenskiy បានសរសេរនៅលើ Telegram ថា៖«យើងត្រូវតែការពារដែនទឹក និងទីក្រុងសន្តិភាពរបស់យើង ចេញពីមីស៊ីលរុស្ស៊ីដែលបាញ់ចេញពីនាវា»។ លោកបន្ដថា៖«យន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកយើង អាចជួយបើកច្រករបៀងសម្រាប់នាវាស៊ីវិល ដើម្បីអាចដឹកជញ្ជូនគ្រាប់ធញ្ញជាតិសម្រាប់ពិភពលោក»។
រំលឹកដែរថា រុស្ស៊ីបានផ្អាកការចូលរួមនៅក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយអ៊ុយក្រែន បន្ទាប់ពីអ្វីដែលខ្លួនបានហៅថា គឺជាការវាយប្រហាររបស់អ៊ុយក្រែនលើនាវាកងនាវាចរសមុទ្រខ្មៅចំនួន ៣ របស់ខ្លួនកាលពីចុងខែមុន ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកងទ័ពជើងទឹក។ ប៉ុន្តែរុស្ស៊ីក្រោយមកក៏បានត្រឡប់ទៅកិច្ចព្រមព្រៀង ដែលនឹងត្រូវផុតកំណត់នៅសប្តាហ៍ក្រោយនេះវិញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






