ប្រទេសវៀតណាមនឹងឈានទៅមុខដល់កម្រិតថ្មីមួយទៀតក្នុងឆ្នាំ២០១៩ ជាមួយគំរោងធំៗជាច្រើន
ជាក់ស្តែង ឆ្នាំ២០១៨ គឺជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់សេដ្ឋកិច្ចវៀតណាម។ យោងតាមរបាយការណ៍របស់ The Asian Post បានឱ្យដឹងថា បរិយាកាសអាជីវកម្មរបស់ប្រទេសនេះបានរីកចម្រើនយ៉ាងខ្លាំងនៅដើមឆ្នាំនេះ ដោយមានសហគ្រាសថ្មីជាង ២៦,០០០ បានកកើតឡើង។ ក្រៅពីនោះរដ្ឋាភិបាលបានបញ្ជាក់ថា ការវិនិយោគទុនដោយផ្ទាល់ពីបរទេស (FDI) បានឈានដល់ជាង ៣.៨ ពាន់លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៧.២% ពីឆ្នាំ ២០១៧។ សរុបមកផលិតផលសរុបក្នុងស្រុករបស់ប្រទេសសង្គមនិយមបានកើនឡើងដោយ ៧.១% ក្នុងមួយឆ្នាំ នៅឆមាសទីមួយនៃ ឆ្នាំ២០១៨ ដែលជាកំណើនលឿនបំផុតចាប់តាំងពី ឆ្នាំ២០១១ មក។
ក្នុងចំណោមវិស័យ ដែលល្អបំផុត គឺវិស័យផលិតកម្ម ដោយមានកំណើនទិន្នផល ១៣% នៅឆមាសទីមួយនៃ ឆ្នាំ២០១៨ ទោះបីជាសង្រ្គាមពាណិជ្ជកម្មកំពុងបន្តរវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ ក៏ការនាំចេញរបស់វៀតណាមបានកើនឡើង។ ចំណែករដ្ឋកុម្មុយនិស្តក៏បានកត់ត្រាប្រាក់ចំណូលពីការនាំចេញដែរ ដោយបានប៉ាន់ស្មានថាមានចំនួន ២៤៤ពាន់លានដុល្លារ ស្មើនឹងកើនឡើង ១៣.៨% បើធៀបនឹងឆ្នាំមុន។ នៅឆ្នាំ ២០១៨ រដ្ឋាភិបាលវៀតណាម បានប្រកាសកំណែទម្រង់បន្ថែមទៀតដល់សេដ្ឋកិច្ចវៀតណាម។ ដើមឆ្នាំនេះក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យវៀតណាមកាន់តែមានការប្រកួតប្រជែងក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានប្រកាសថា វៀតណាមនឹងកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណូលពី ២០ ទៅ ២២% ត្រឹម ១៥ ទៅ ១៧%។
លើសពីនេះទៅទៀតនៅក្នុង ខែមីនា ឆ្នាំ២០១៨ ក្រសួងដឹកជញ្ជូនបានស្នើសុំបង្កើនសេវាកម្មនៅក្នុងតំបន់ដែនសមុទ្រ និងការដឹកជញ្ជូនពហុម៉ូតដោយបន្ថយលក្ខខណ្ឌការងារ និងបទបញ្ជា។ ជំហានគួរឱ្យកត់សម្គាល់មួយទៀត ដែលវៀតណាមបានបើកទូលាយសេដ្ឋកិច្ចរបស់ខ្លួន គឺតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូឆ្លងកាត់ប៉ាស៊ីហ្វិក (CPTPP) ដែលធនាគារពិភពលោកបានប៉ាន់ប្រមាណថានឹងបង្កើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមដល់ ៣.៥% ។
យ៉ាងណាមិញគោលដៅថ្មីសម្រាប់ ឆ្នាំ២០១៩ អគ្គលេខាបក្សកុម្មុយនីស្តលោក ង្វៀនភូត្រុង បានអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាននូវអត្រាកំណើនខ្ពស់ជាង ឆ្នាំ២០១៨ ។ លោកបានមានប្រសាសន៍ថា៖ «នេះគឺជាកិច្ចការដ៏ធំមួយ ហើយយើងទាំងអស់គ្នាត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចគោលដៅនេះ»។ គោលដៅសម្រាប់ ឆ្នាំ២០១៩ នឹងមិនត្រឹមតែផ្តោតលើផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនោះទេ រដ្ឋាភិបាលក៏បានកំណត់គោលដៅសេដ្ឋកិច្ចសង្គមផ្សេងៗផងដែរ។ ជាឧទាហរណ៍ វៀតណាមបានកំណត់គោលដៅកាត់បន្ថយភាពក្រីក្រ ១ ទៅ ១.៥% ។ ហើយគោលដៅផ្សេងទៀតរួមមាន៖ គ្រប់គ្រងភាពអត់ការងារធ្វើឱ្យនៅក្រោម ៤% និងដើម្បីបង្កើនភាគរយនៃចំនួនប្រជាជនជាមួយនឹងការធានារ៉ាប់រងសុខភាពឱ្យដល់ ៨៨.១%៕
អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider