ការញ៉ាំស៊ុតមាន់មួយគ្រាប់ក្នុងមួយថ្ងៃ អាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមបាន
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃអាចបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ទី២ ។ ការរកឃើញពីសាកលវិទ្យាល័យមួយនៅក្នុងប្រទេសហ្វាំងឡង់ បានបន្ថែមនូវកម្ដៅទៅលើការពិភាក្សាដ៏ក្ដៅគគុក រវាងតើស៊ុតល្អ ឬអាក្រក់សម្រាប់ជំងឺទឹកនោមផ្អែម? ប៉ុន្តែរបាយការណ៍ដ៏ចម្រូងចម្រាសនេះបាននិយាយថា នៅពេលដែលវាពាក់ព័ន្ធជាមួយនឹងការការពារហានិភ័យ «ស៊ុត» គឺជារឿងល្អ។
ការធ្វើតេស្តពីក្រុមបុរសបានរកឃើញថា អ្នកដែលទទួលទានស៊ុតមួយថ្ងៃមួយគ្រាប់នឹងមានប្រូតេអ៊ីនច្រើននៅក្នុងឈាមរបស់ពួកគេ ដែលជាធម្មតាពួកគេមិនសូវជាវិវត្តឱ្យមានជំងឺ។ របបអាហារ គឺមានសារៈសំខាន់សម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ១ និង ២ នេះ ។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ ទី១ មិនអាចផលិត អាំងស៊ុយលីន ដែលចាំបាច់ដើម្បីគ្រប់គ្រងជាតិគ្លុយកូសនៅក្នុងខ្លួនបានទេ។ ចំណែកអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ ទី២ មិនអាចបង្កើត ឬមិនឆ្លើយតបបានល្អចំពោះ អាំងស៊ុយលីន មានន័យថា ពួកគេមានការគ្រប់គ្រងទៅលើជាតិគ្លុយកូសទាប។ យ៉ាងណាមិញស៊ុតមានលក្ខណៈល្អប្រសើរ ដោយវាជាជីវជាតិបំប៉ន និងបំពេញ។ ស៊ុតនៅតែជាបញ្ហាចម្រូងចម្រាសសម្រាប់អ្នកស្រាវជ្រាវជំងឺទឹកនោមផ្អែម ដោយអ្នកខ្លះថាល្អ ហើយអ្នកខ្លះថាមិនល្អ។
– ផលល្អរបស់ស៊ុត៖ សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិកគិតថា ស៊ុតគឺអស្ចារ្យ ហើយពួកគេបានណែនាំថា អ្នកដែលមានជំងឺទឹកនោមផ្អែមគួរបរិភោគវា។ ស៊ុតនីមួយៗផ្ទុកប្រហែល ០.៥ក្រាមនៃកាបូអ៊ីដ្រាត ដែលស្របតាមទ្រឹស្តីរក្សាជាតិស្ករនៅក្នុងឈាម។ ស៊ុតមានសម្បូរប៉ូតាស្យូមដែលល្អសម្រាប់បេះដូង ដោយរក្សាកម្រិតជាតិសូដ្យូម និង biotin ដែលល្អសម្រាប់ការផលិតអាំងស៊ុយលីន។ ស៊ុតមានកម្រិតកាឡូរីទាប និងអាចបញ្ចូលបានក្នុងរបបអាហារ។
– ផលអាក្រក់របស់ស៊ុត៖ ស៊ុតមានកូឡេស្តេរ៉ុល ១៨៧មីលីក្រាម ហើយគោលការណ៍នៃការណែបានឱ្យដឹងថា អ្នកដែលមានជំងឺទឹកនោមផ្អែមកំណត់កម្រិតកូលេស្តេរ៉ូលប្រចាំថ្ងៃរបស់ពួកគេត្រឹម ២០០មីលីក្រាម ប៉ុណ្ណោះ។ ហើយក៏មានភស្តុតាងដែលថា ការទទួលទានស៊ុតច្រើនបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមចំពោះអ្នកដែលមិនមានជំងឺនេះទៀតផង។ ស៊ុតក៏មានជាតិប្រូតេអ៊ីនខ្ពស់ដែរ (ប្រហែល ៧ក្រាម ក្នុងស៊ុតមួយ) ដែលជាថ្មីម្តងទៀត គឺវាមានភាពចម្រូងចម្រាស។ ម៉្យាងទៀតប្រូតេអ៊ីនច្រើនពេកនៅក្នុងរាងកាយនឹងប្រែទៅជាគ្លុយកូស។ ជាការពិតសូម្បីតែនៅក្នុងការសិក្សាថ្មីនេះដែលគាំទ្រការប្រើស៊ុតក៏ដោយ ពួកគេបានរកឃើញថា អ្នកចូលរួមមួយចំនួនមានសមាសធាតុជីវគីមីមួយចំនួននៅក្នុងឈាមរបស់ពួកគេដែលវាបង្កើនហានិភ័យនៃជំងឺនេះផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail