ត្រីធូណាដ៏ធំមួយត្រូវបានដាក់ដេញថ្លៃទិញរហូតដល់ ៣លានដុល្លារអាមេរិក ពីអ្នកជំនួញជប៉ុនម្នាក់
ត្រីធូណាដ៏ធំមួយបានលក់ក្នុងតម្លៃ ៣.១ លានដុល្លារអាមេរិក (៣៣៣.៦ លានយ៉េន) នៅទីផ្សារដេញថ្លៃត្រីធូណាមួយ នៅតូក្យូ ប្រទេសជប៉ុន។ ត្រីនេះមានទម្ងន់ ២៧៨គីឡូក្រាម ហើយត្រូវបានទិញដោយក្រុមហ៊ុន Kiyomure Corp ដែលម្ចាស់របស់វាឈ្មោះ Kiyoshi Kimura ជាអ្នកគ្រប់គ្រងខ្សែសង្វាក់ Sushi Zanmai ។ លោក Kiyoshi Kimura គាត់បានប្រាប់ទូរទស្សន៍ជប៉ុនថា គាត់មានការភ្ញាក់ផ្អើលចំពោះតម្លៃដាក់ឱ្យដេញថ្លៃរបស់ត្រីនេះ។ លោកបន្តថា ត្រីធូណានេះមើលទៅមានរសជាតិឆ្ងាញ់ ហើយស្រស់ ប៉ុន្តែខ្ញុំគិតថាខ្ញុំចំណាយច្រើនពេកហើយ។ លោក Kimura គាត់ធ្លាប់បានរំពឹងថា ត្រីនេះអាចនឹងមានតម្លៃចន្លោះពី ៣០លាន ដល់ ៥០លានយ៉េន ឬ ៦០លានយ៉េនយ៉ាងថ្លៃបំផុត ប៉ុន្តែជាការពិតវាមានថ្លៃខ្ពស់ជាងការគិតរបស់គាត់ ៥ដង។
ត្រីធូណាដ៏ធំមួយនេះត្រូវបានគេចាប់បាននៅ Aomori prefecture ភាគខាងជើងប្រទេសជប៉ុន និងបានលក់នៅក្នុងថ្ងៃសៅរ៍នេះ ដែលវាជាការដេញថ្លៃត្រីដំបូងនៃ ឆ្នាំ២០១៩ ក្នុងផ្សារត្រីថ្មីមួយរបស់ទីក្រុងតូក្យូ។ ផ្សារនេះបានបើកដំណើរការកាលពីខែតុលា ហើយជំនួសឱ្យទីផ្សារ Tsukiji ចាស់ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយរបស់ប្រទេសជប៉ុន។ ជនជាតិជប៉ុនគឺជាអតិថិជនដ៏ធំបំផុតនៃត្រីធូណា ទោះបីជាអ្នកឯកទេសព្រមានថា ប្រភេទសត្វទាំងនោះអាចផុតពូជដោយសារតែការនេសាទហួសកម្រិតក៏ដោយ។ ពួកគេនិយាយថា ស្តុកត្រីធូណានៅតំបន់ប៉ាស៊ីហ្វិកបានបាត់បង់ 96% ធៀបនឹងមុនពេលដែលមានឧស្សាហកម្មនេះ។ តែទោះជាយ៉ាងណាក៏ដោយប្រទេសជប៉ុន និងរដ្ឋាភិបាលដទៃទៀតកំពុងគាំទ្រផែនការដើម្បីស្ដារស្តុកត្រីធូណានេះមកវិញ ២០% នៅត្រឹម ឆ្នាំ ២០៣៤៕



អត្ថបទ៖ លីដា
ប្រភព៖ news.sky